ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង-ក្រុងសិរីសោភ័ណ ដាក់ឲ្យដំណើរការក្រោមវត្តមាន សម្តេច ហ៊ុន សែន

កំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី ១០ មករា ឆ្នាំ២០២២នេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។

នាឪកាសនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៥ គឺជាផ្លូវដ៏សកម្មជាងគេ ដែលអាចពង្រឹងទំនាក់ទំនងរាល់ការដឹកជញ្ជូន និងតភ្ជាប់សេដ្ឋកិច្ចរវាងកម្ពុជា និងថៃ។ នាឪកាសនេះ សម្តេច ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ធំៗ និងផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានដល់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន​​តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។ ការស្ថាបនាចែកជាបីផ្នែកធំៗ គឺ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាលដោយក្នុងនោះរួមមាន៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ប្រវែង៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ខ្សែ ប្រវែង ៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងមានសួរច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប៨០កន្លែង។

ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលត្រូវចុះពិនិត្យប្រគល់-ទទួលនេះ គឺចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ។ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ នេះផងដែរ ត្រូវបានបែងចែកជាពីរកញ្ចប់ការងារ៖ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ) និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC & TANCONS និងត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់​​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ក៏មានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦០០០ ដើម ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ៕

 

 

 

 

ភ្លូវជាតិលេខ៥ គឺជាផ្លូវដ៏សកម្មជាងគេ ដែលអាចទំនាក់ទំនងរវាងកម្ពុជា និងថៃ ។ សម្តេច ក៏អរគុណជប៉ុន ដែលបានជួយកសាងហេដ្ឋារចនា សម្ព័ន្ធ ធំៗ និងផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទាន ដល់កម្ពុជា