មណ្ឌលហែលទឹកបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មណ្ឌលហែលទឹកបាត់ដំបងមានទទឹង ២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ ឋិតនៅក្នុងបរិវេណ សាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងដោយថវិកាសប្បុរសជនសរុបប្រមាណ១ ៩៦០ ០០០ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹករួមទាំងភាគីពាក់ព័ន្ធ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីគោលបំណង និងបេសកកម្មរបស់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា ជាពិសេសកីឡាហែលទឹកខេត្តបាត់តំបង ដើម្បីឈានឆ្ពោះទៅកាន់ការប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ។

សំណង់នេះរួមមាន៖ អាងហែលទឹកមានទទឹង ២៥ម បណ្តោយ៥០ម ជម្រៅ ២ម ចែកជា១០ខ្សែបន្ទាត់ អាងលោតទឹកមានទទឹង២០ម បណ្តោយ ២៥ម ជម្រៅ ៤,៥ម អាងហែលទឹក កំដៅសាច់ដុំមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ១,៥ម ប៉មលោតទឹកមានកំពស់១០ម ចែកជាថ្នាក់ លោតកម្ពស់១ម ៣ម ៥ម ៧ម និង១០ម អាងរក្សាតុល្យភាពទឹកមានទទឹង១០ម បណ្តោយ១៥ម ជម្រៅ ២,៥ម ទីធ្លាសាធារណៈទំហំ ៣ ១៩៤ ម៉ែត្រការ៉េ សួនច្បារទំហំ ១៣៦ ម៉ែត្រការ៉េ មានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកភ្លៀង និងរបងបេតុងមានចម្រឹងដែក ប្រវែង៣៦០ម៉ែត្រ និងមានទីធ្លាចតរថយន្ត និងទោចក្រយានយន្តទំហំ៧០០ម៉ែត្រការ៉េ។

មណ្ឌលហែលទឹកនេះមានបំពាក់គ្រឿងឧបករណ៍ទំនើបស្រតាមស្តង់ដា ដែលកំណត់ដោយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) មានសារ:សំខាន់ដល់ការពង្រឹងវិស័យកីឡាហែលទឹកនៅកម្ពុជា ជាពិសេស ខេត្តបាត់ដំបង ក៏ដូចជាផ្តល់ឱកាសឱ្យសិស្ស-និស្សិត ក្នុងខេត្តបាត់ដំបងទាំងមូលចាប់ផ្តើមហ្វឹកហាត់ រៀន ហែលទឹកដោយមានសហព័ន្ធខ្មែរកីឡាហែលទឹកជួយហ្វឹកហាត់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បី ត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២។

បច្ចុប្បន្នកម្ពុជាមានក្លឹបកីឡាហែលទឹកឯកជនចំនួន៨ មានសកម្មភាពមធ្យម និងក្លឹបរបស់ក្រសួងចំនួន៤ រួមមាន៖ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបក្រសួងព័ត៌មាន ដែលមានសកម្មភាពជាប់លាប់៕