
អ្នកជំនាញផ្នែក អាហារូបត្ថម្ភនៅកម្ពុជា បានលើកឡើងថា បើទោះបីជាកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជា ច្រើនក្នុងការលើកកម្ពស់សុខភាពរបស់មាតា និងទារកក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឋន៍ទាំងអស់។
ជាក់ស្តែង អ្នកជំនាញ ក៏បង្ហាញក្តីបារម្ភថា កង្វះអាហារូបត្ថម្ភមិនត្រឹមតែធ្វើឲ្យកុមារមានរូបរាងស្គមស្គាំង និងកម្ពស់មិនត្រូវស្តង់ដារប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកុមារជួបផលលំបាកសុខភាព និងបាត់បង់ឱកាសសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនាពេលអនាគតទៀតផង។
ហេតុអ្វីកង្វះអាហារូបត្ថម្ភ ជះឥទ្ធិពលដល់សុខភាព និងអនាគតកុមារ?
ទាក់ទិន នឹងការលើកឡើងនេះ លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានលើកឡើងថា ការផ្ដល់អាហារូបត្ថម្ភតាមរយៈការបំបោះដោះកូន គឺជាឱកាសមាស១០០០ថ្ងៃដំបូងនៃជីវិតកុមារ ពោលគឺចាប់ពីពេលបង្កកំណើតរហូតដល់កុមារមានអាយុ២ឆ្នាំ។
លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា «ការបំបៅដោះកូន នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់កុមារ ព្រោះថាប្រសិនបើកុមារមានបញ្ហាអាហារូបត្ថម្ភក្នុងអំឡុងពេលដ៏សំខាន់នេះ នោះយើងមិនអាចកែខៃនិងត្រឡប់ក្រោយ ដើម្បីជួសជុលការលូតលាស់រាងកាយនិងសតិបញ្ញាស្មារតីរបស់ពួកគេបានទេ»។
ជាមួយគ្នានេះដែរ លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហាររូបត្ថម្ភ ក៏បានលើកឡើងដែរថា តាមរយៈរបាយការណ៍ស្រាវជ្រាវកន្លងមក ក៏បានបង្ហាញដែរថា ការផ្ដល់អាហារូបត្ថម្ភតាមរយៈការបំបៅដោះកូនដោយទឹកដោះពេញលេញ ក៏អាចការពារកុមារកម្ពុជាប្រហែល ៥០ម៉ឺននាក់ ពីជំងឺរាករួស និងជំងឺរលាកសួតជារៀងរាល់ឆ្នាំ ហើយការពារជំងឺធាត់លើកុមារបានចំនួន១១៤៥នាក់ក្នុងមួយឆ្នាំផងដែរ។
មិនតែប៉ុណ្ណោះ អ្នកជំនាញកម្មវិធីជាតិអាហាររូបត្ថម្ភរូបនេះ ក៏បានឲ្យដឹងថា ហានិភ័យនៃការកង្វះអាហារូបត្ថម្ភ ដោយសារតែការប្រើប្រាស់ទឹកដោះគោម្សៅផ្សំតាមរូបមន្តជំនួសទឹកដោះម្តាយ ក៏បានធ្វើឲ្យកុមារប្រឈមនឹងបញ្ហា ជាច្រើនរួមមាន៖
-បង្កឡើងនូវជំងឺរលាកផ្លូវដង្ហើម-បង្កឡើងនូវជំងឺរលាកត្រចៀកមានហានិភ័យ ៣-៤ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ-រលាកក្រពះនិងពោះវៀនមានហានិភ័យ៣-៤ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។-ឆ្លងរោគបាក់តេរីដែលតម្រូវឱ្យដេកពេទ្យមានហានិភ័យ១០ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។ -រលាកស្រោមខួរក្បាលមានហានិភ័យ៤ដងខ្ពស់ជាងកុមារបៅទឹកដោះម្តាយ។-ប្រកាច់ដោយកង្វះកាល់ស្យូមមានហានិភ័យ៣០ដងខ្ពស់ជាងកុមារបំបៅទឹកដោះម្តាយ។-កើតរោគមហារីកកូនកណ្តុរពីក្មេង។ -កើតជំងឺពោះវៀនធំ រលាកពោះវៀនដោយដំបៅ ជំងឺខ្សោយពោះវៀនតូច-ជំងឺមិនឆ្លង (ធាត់ជ្រុល)។-និងការលូតលាស់ប្រព័ន្ធប្រសាទមានការថយចុះ ជាដើម។
បន្ថែមពីនេះ លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ (Helen Keller International-Cambodia)បានបង្ហាញក្តីបារម្ភថា មូលហេតុដែលធ្វើឲ្យកុមារខ្វះអាហារូបត្ថម្ភមានច្រើនយ៉ាងដូចជា អាណាព្យាបាលខ្វះចំណេះដឹង ខ្វះការថែទាំ កុមាររើសចំណី និងជីវភាពក្រីក្រជាដើម។
ហេតុនេះ អ្នកជំនាញរូបនេះ អះអាងថា បញ្ហាកង្វះអាហារូបត្ថម្ភនេះ ផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ រីឯកុមារដែលខ្វះអាហារូបត្ថម្ភមានរូបរាងស្គមស្គាំង ស្លេកស្លាំង ឈឺញឹកញាប់ពិសេសរាក និងគ្មានកម្លាំងកំហែង ហើយចំពោះផលប៉ះពាល់យូរអង្វែង ធ្វើឲ្យការលូតលាស់និងការអភិវឌ្ឍន៍របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន) និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។
ដោយឡែកវិញ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាសធនធាននិងពេវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឱទាហរណ៏ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមាណ ២៥០លានដុល្លា ក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភនេះ។
គួរបញ្ជាក់ថា អាហារូបត្ថម្ភ គឺជាសារជាតិចិញ្ចឹមដែលមាននៅក្នុងរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ (ត្រី សាច់ បន្លែ ផ្លែឈើ) ពិសេសការផ្ដល់អាហារូបត្ថម្ភតាមរយៈការបំបោះដោះកូន ដើម្បីទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ លូតលាស់ មានថាមពលក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃជាដើម៕
អត្ថបទ៖ សែម ពិសី