ជប៉ុន ផ្ដល់ឥណទាន១៨៥លានដុល្លារទៀត ដល់កម្ពុជា ដើម្បីគាំទ្រគម្រោងឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥ លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា។ពិធីចុះហត្ថលេខាលើការផ្ដល់ឥណទាននេះ គឺធ្វើឡើងក្រោមវត្តមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោកMIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា។ ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី KAME Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោង គាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ដំណាក់កាលទី២ នៅកម្ពុជា។

យោងតាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេ សលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និង​ ក្រុមជនងាយរងគ្រោះ មាន​ដូចជា៖ ​ប្រជាពលរដ្ឋមានជីវភាពស្ថិត​​​ក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និង ជនជាតិដើមភាគតិច ជាដើម។

សូមជំរាបថា​ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង និង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាទឹកប្រាក់ជាង ៦០ លានដុល្លារអាមេរិក។ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់កម្ចីជាង ២៣៧ លានដុល្លារ។ តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ៕