ស្ថាប័នជាតិ និងអន្តរជាតិ ប្តេជ្ញារួមគ្នាពង្រឹងការអភិវឌ្ឍប្រព័ន្ធស្បៀងនៅកម្ពុជា

សម្រាប់ឆ្នាំនេះ ទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ធ្វើឡើងក្រោមប្រធានបទ“ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ដែលប្រព្រឹត្តិឡើងនាខេត្តកំពង់ធំ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។នាឪកាសនោះ ទាំងភាគីស្ថាប័នជាតិ និងអន្តរជាតិ បានប្តេជ្ញារួមគ្នាជំរុញប្រព័ន្ធស្បៀងកម្ពុជា ដើម្បីការអភិវឌ្ឍប្រកប​ដោយចីរភាព។

នាឪកាសនោះ លោក សុខ ស៊ីឡូ  អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជា រៀបចំប្រារព្ធទិវាជាតិអាហារូបត្ថម្ភ នៅថ្ងៃទី៦ ខែវិច្ឆិកា ដែលពិធីនេះបានប្រព្រឹត្តទៅចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។

លោកបន្តថា  ទិវាជាតិអាហារូបត្ថម្ភ នេះ គឺរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

បន្ថែមពីនេះ លោកថា នៅក្នុងចក្ខុវិស័យផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ។

ហេតុនេះ លោកថា ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជាមួយគ្នា ដើម្បីរិះរកមធ្យោបាយល្អៗ និងដាក់ចេញនូវសកម្មភាពចាំបាច់នានា ដើម្បីឈានទៅសម្រេចការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ លោក  John Ames នាយកគម្រោង អភិវឌ្ឍន៌កុមារតូច នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ ក៏បានលើកឡើងដែរថា តាមរយៈទិវាអាហារូបត្ថម្ភ ក្នុងនោះគម្រោងអភិវឌ្ឍន៌កុមារតូចដែលបាន អនុវត្តសម្មភាពនៅ៥៦ ភូមិ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និង១៩ភូមិ នៅស្រុកេវៀង ខេត្តព្រះវិហារ។

នាយកគម្រោង អភិវឌ្ឍន៌កុមារតូចរូបនេះ អះអាងថា តាមរយៈ គម្រោងអភិវឌ្ឍន៌កុមារតូចនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ នាឆ្នាំ២០២២នេះ បានរៀបចំឡើងនៅក្នុងបរិវេណវត្តងន ភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ទិវានេះ រៀបចំឡើងដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ គម្រោងអភិវឌ្ឍន៍កុមារតូចដែលអនុវត្តដោយ វិទ្យាស្ថានស្រាវជ្រាវត្រីកោណ គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO តាមរយៈអង្គការ ជី អាយ ហ្សីត និងអង្គការហេឡែន ខេលល័រ អន្តរជាតិ។

យ៉ាងណា តាមរយៈទិវានេះ ទាំងស្ថាប័នជាតិ និងអន្តរជាតិ ក៏បានប្តេជ្ញា រួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ទាំងអស់ ដើម្បីជំរុញកម្ពុជាឈានទៅបញ្ចប់ភាពស្រេកឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព៕

អត្ថបទ៖ សែម ពិសី