ក្រសួង កំពុងធ្វើទំនើបកម្មមន្ទីរពេទ្យតេជោ សែន កោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាការងារភាគីពាក់ព័ន្ធ ដើម្បីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីពេទ្យ តេជោ សែន កោះធំ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជំនួបនេះបានពិភាក្សាអំពីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីរពេទ្យ តេជោ សែន កោះធំ ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យតេជោ សែន កោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្តលើការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋស្រុក កោះធំ និង កិច្ចសហការរវាងមន្ទីរពេទ្យតេជោ សែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតទាក់ទងនឹងការបណ្តុះបណ្តាលជំនាញ។

បន្ថែមពីនេះ លោកបានបន្តថា មន្ទីរពេទ្យតេជោ សែន កោះធំនេះ មិន ត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប និងស្រស់ស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាមន្ទីរពេទ្យដែលអាចផ្ដល់ សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋផងដែរ។  លោក ក៏បាន ណែនាំឱ្យភាគីពាក់ព័ន្ធជួបប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងនេះឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងបន្តធ្វើឱ្យប្រសើរឡើងដល់ មណ្ឌលសុខភាពនៅស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម និងការសង្គ្រោះបន្ទាន់ ក៏ដូចជាដើម្បីចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត។

គួរកត់រម្លឹកថា គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល មានទំហំផ្ទៃអគារសរុប១២ ៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕