មន្រ្តីសុខាភិបាល៖ ចំណេះដឹង និងឥរិយាបថយុវជន ជាគ្រឹះសំខាន់ជួយជំរុញអាហារូបត្ថម្ភគ្រប់ទម្រង់

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ដោយ តែយុវជនយើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាសុខភាពនិងអាហារូបត្ថម្ភជាដើម។មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលយល់ថា ការផ្តល់ចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់យុវជន គឺជាគ្រឹះដ៏សំខាន់ជួយជំរុញអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាលកម្ពុជា ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពី “មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ”កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

នាឪកាសនោះ លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានលើកឡើងថា យោងតាមរបាយការណ៍អង្គការសហប្រជាតិក្នុងឆ្នាំ២០១៣បានបង្ហាញថា ប្រទេសកម្ពុជាយើងមានយុវជនអាយុក្រោម៣០ឆ្នាំប្រមាណ៦៥.៣%នៃប្រជាជនសរុប។  នេះគឺជាកម្លាំងស្នូលនិងសក្តានុពលមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នក៍ដូចជាថ្ងៃអនាគត។

យ៉ាងណា លោកស្រីបន្តថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ដោយ តែយុវជនយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនជាពិសេសបញ្ហាសុខភាពនិងអាហារូបត្ថម្ភដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ស្គមស្គាំង និងធាត់ជ្រុលជាដើម។

ជាក់ស្តែង លោកស្រី វេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤បានបង្ហាញថា ស្រ្តីក្នុងវ័យបន្តពូជចំនួន១៤%មានទម្ងន់ទាបក្រោមស្តង់ដារ និង៤៥%មានបញ្ហាស្លេកស្លាំង ហើយលើសពីនេះទៀតស្រ្តីក្នុងវ័យបន្តពូជចំនួន១៨% មានបញ្ហាលើសទម្ងន់។

លោកស្រីវេជ្ជបណ្ឌិតយល់ថា បញ្ហាទាំងនេះ គឺបណ្តាលមកពីកត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថលើផ្នែកសុខភាពនិងអាហារូបត្ថម្ភយុវជននៅមានកម្រិតនៅឡើយ។

ហេតុនេះ ការផ្តល់ចំណេះដឹងយុវជនពាក់ព័ន្ធនិងអាហារូបត្ថម្ភ និងការផ្លាសប្តូរឥរិយាបថពួកគេគឺសំខាន់ណាស់ ក្នុងការជួយជំរុញការផ្លាស់ប្តូរការយល់ដឹងអាហារូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារដើម្បីរួមចំណែកកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហាររូបត្ថម្ភស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ រយៈពេល២ថ្ងៃ គឺបានរៀបចំដោយ អង្គការ ហេឡែន ខេលល័រ និង GIZ-MUSEFO ដោយមានការចូរួមពីយុវជនចំនួន៥០នាក់មកពីបណ្តាខេត្តនានានៃប្រទេសកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនោះដែរ ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ក៏បានលើកទឹកចិត្តយុវជនដែលបានចូលរួម វគ្គបណ្តុះបណ្តាលខាងលើ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងសូមប្រើប្រាស់វគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនលើអាហារូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីឲ្យយុវជនអាចចូលរួមធ្វើផែនការនិងអនុវត្តសកម្មភាពពាក់ព័ន្ធជាមួយអាហារូបត្ថម្ភនៅកម្ពុជា។

មួយវិញទៀត បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលនេះ ភាគីពាក់ព័ន្ធ ក៏បានបង្ហាញក្តីរំពឹងទុកថា យុវជននឹងផ្សព្វផ្សាយដើម្បីឈានទៅមានការផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គមលើរបបអាហាររបស់ស្រ្តីនិងកុមារនៅក្នុងសហគមន៏របស់ពួកគេថែមទៀត៕

អត្ថបទ៖ សែម ពិសី