មន្រ្តីសុខាភិបាល៖ឲ្យប្រយ័ត្នពីបញ្ហាកង្វះអាហារូបត្ថម្ភ ខណៈស្រ្តីក្នុងវ័យបន្តពូជ៤៥%មានបញ្ហាស្លេកស្លាំង

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញបញ្ហាកង្វះអាហារូបត្ថម្ភ ខណៈស្រ្តីក្នុងវ័យបន្តពូជចំនួន៤៥%មានបញ្ហាស្លេកស្លាំង  និង១៤%មានទម្ងន់ទាបក្រោមស្តង់ដារ។ក្តីបារម្ភនេះ ត្រូវបានបង្ហាញឡើង នៅក្នុងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពី “មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ”កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

នាឪកាសនោះ រដ្ឋលេខាធិកាក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី បានបង្ហាញថា ផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤បានបង្ហាញថា ស្រ្តីក្នុងវ័យបន្តពូជចំនួន៤៥%មានបញ្ហាស្លេកស្លាំង និង១៤%មានទម្ងន់ទាបក្រោមស្តង់ដារ ហើយលើសពីនេះទៀតស្រ្តីក្នុងវ័យបន្តពូជចំនួន១៨% មានបញ្ហាលើសទម្ងន់។

ម្យ៉ាងវិញទៀត លោកស្រី វេជ្ជបណ្ឌិត ក៏បានលើកឡើងថា ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជា មានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាប់ទាំងមុនក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះនិងក្នុងពេលបំបៅដោះកូនជាដើម។បញ្ហានេះ ភាគច្រើន ក៏បានកើតឡើងចំពោះស្រ្តីដែលកម្មកររោងចក្រផងដែរ។

មិនតែប៉ុណ្ណោះ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ដូច្នេះថា«ស្ត្រីជាច្រើននាក់បានយល់ដឹងពីអ្វីដែលស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាបរិភោគអាហារដែលនាំមកនូវសុខភាពល្អប៉ុន្តែពួកគេពុំបានដឹងច្បាស់ថាប្រភេទអាហារណាខ្លះដែលសម្បូរសារជាតិចិញ្ចឹម បរិមាណអាហារប៉ុណ្ណាត្រូវបរិភោគដែលនាំឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ និងសារៈសំខាន់នៃការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ។ កត្តាទាំងនេះអាចកើតមានឡើងដោយសារតែស្ត្រីពុំបានទទួលការផ្ដល់ប្រឹក្សាអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ»។ 

គួរបញ្ជាក់ដែរថា បើយោងតាមភស្តុតាងវិទ្យាសាស្ត្រជាដ៏រឹងមាំ ក៏បានបញ្ជាក់ថា នៅពេលស្រ្តីក្នុងវ័យបន្តពូជ មានបញ្ហាកង្វះអាហារូបត្ថម្ភ នោះស្រ្តីនឹងបន្តមរតកដ៏គួរឲ្យភ័យខ្លាចនេះ ដល់កូនរបស់ពួកគេ ជំនាន់ក្រោយបន្តទៀតដោយមិនដឹងខ្លួន។

នៅពេលដែលកូនរបស់ពួកគេ ទទួលមរតកកង្វះអាហារូបត្ថម្ភពីស្រ្តី ពួកគេនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការទទួលបានការលូតលាស់រាងកាយដែលមានលក្ខណៈស្តង់ដារ ពោលគឺមានលក្ខណៈក្រិសក្រិនទាបតឿមិនស្អាតសង្ហារដូចកូនគេដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ ហើយលើសពីនេះទៀតកូនៗរបស់ស្រ្តីក្នុងវ័យបន្តពូជ នឹងមានបញ្ហាប៉ះពាល់ដ៏ធ្ងន់ធ្ងរលើការអភិវឌ្ឍផ្នែកខួរក្បាលនិងសតិបញ្ញាស្មារតីថែមទៀតផង៕

អត្ថបទ៖ សែម ពិសី