មន្រ្តីអធិការកិច្ចក្នុងខេត្តចំនួន៦ បានទទួលវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងការអនុវត្តន៍អនុក្រឹត្យលេខ១៣៣»

មន្រ្តីអធិការកិច្ចរបស់នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)នៃក្រសួងពាណិជ្ជកម្ម មកពីខេត្តព្រះសីហនុ កំពត កែប កោះកុង និងតាកែវ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងការអនុវត្តន៍អនុក្រឹត្យ១៣៣ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ” កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២ នាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធសំខាន់ រួមាន៖ លោក ជុំ សែនវាសនា ប្រធានគម្រោងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា, លោកស្រីជិន សេដ្ឋា ប្រធានគម្រោងអង្គការ Alive & Thrive/FHI360 ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ពង្រឹងបង្កើនការយល់ដឹងសម្រាប់មន្រ្តីអធិការកិច្ចរបស់អគ្គនាយកដ្ឋានក.ប.ប.ស្តីពីការអនុវត្តអនុក្រឹត្យ១៣៣, ការប្រើប្រាស់បញ្ជីអង្កេតត្រួតពិនិត្យផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ចំនួន២គឺ៖បញ្ជីអង្កេតត្រួតពិនិត្យស្លាកសញ្ញា  បញ្ជីអង្កេតត្រួតពិនិត្យការផ្សព្វផ្សាយលក់តាមទីតាំងលក់ របាយការណ៍រំលោភបំពាន វិធានការណ៍ផ្សេងៗដូចជា៖​ការព្រមានផាកពិន័យនិងការដាក់ទោសទណ្ឌទៅលើអ្នករំលោភបំពានអនុក្រឹត្យ១៣៣ ច្បាប់ការពារអ្នកប្រើប្រាស់ របាយការណ៍បច្ចុប្បន្នភាពស្តីពីការអង្កេតលើភាពមិនប្រក្រតី និងការដឹកនាំសិក្ខាកាមចុះសិក្សារៀនសូត្រពីបច្ចេកទេសត្រួតពិនិត្យអង្កេតជាក់ស្តែងទៅលើផលិតផលចិញ្ចឹមទារកនិងកុមារនៅតាមទីតាំងលក់និងផ្សារនិងហាងលក់ទឹកដោះគោដើម្បីផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងក្រោមគម្រោងសិក្សាស្រាវជ្រាវសម្រាប់ការចិញ្ចឹមទារកនិងកុមារ (ARCH) នៃអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) សហការជាមួយអង្គការ Alive & Thrive/FHI360 និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)នៃក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងនោះទៀតសោធ គម្រោងសិក្សាស្រាវជ្រាវសម្រាប់ការចិញ្ចឹមទារកនិងកុមារ (ARCH) នៃអង្គការហេទ្បែនខេលល័រអន្តរជាតិ ក៏បានអនុវត្តគម្រោងនៅក្នុងប្រទេសកម្ពុជារយៈពេលជាង១០ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវនិងអនុវត្តគម្រោងក្នុងការលើកកម្ពស់ការអនុវត្តការចិញ្ចឹមទារកនិងកុមារបានល្អប្រសើរ ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ អាហារូបត្ថម្ភមាតាទារកនិងកុមារតូច ការពង្រឹងការអនុវត្តអនុក្រឹត្យ១៣៣ស្តីពីការផ្សព្វផ្សាយលក់ផលិតផលចិញ្ចឹមទារកនិងកុមារ។តាមរយៈគម្រោងនេះ កន្លងទៅបានអនុវត្តសកម្មភាពសំខាន់ៗនិងសម្រេចបានសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ផងដែរ៕

អត្ថបទ៖ សែម ពិសី