អ្នកជំនាញ៖ស្ត្រី៧៨% និងកុមារ៦៦% មានកំហាប់ជាតិអ៊ីយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារ

ផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤បានបង្ហាញថា មានស្ត្រីចំនួន៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ។បញ្ហានេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលចាត់ទុកថា នេះគឺជាក្តីបារម្ភមួយ កំពុងជះឥទ្ធិពលដល់ការលើកកម្ពស់សុខភាពរបស់មាតា និងទារកនៅកម្ពុជា។

នេះបើតាមការឲ្យដឹងពី លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាលថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពី “មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ”កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

នាឪកាសនោះ មន្រ្តីជាន់ខ្ពស់មកពីក្រសួងសុខភិបាលរូបនេះ លើកឡើងថា បើទោះបីជាកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងការលើកកម្ពស់សុខភាពរបស់មាតា និងទារកក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឋន៍ទាំងអស់។

ទន្ទឹមគ្នានេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤បានបង្ហាញថា មានស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ ខណៈកង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកំរិតដែលមានមានបញ្ហាផងដែរ។

ដោយក្នុងនោះ លោកស្រីវេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា «ដូចដែលយើងបានដឹងរួចមកហើយថាមីក្រូសារជាតិ ដែលក្នុងនោះមានជាតិអ៊ីយ៉ូដផង បានជួយបំពេញមុខងារជាច្រើនរួមទាំងធ្វើឱ្យរាងកាយផលិតអង់ស៊ីមអរម៉ូននិងសារធាតុដទៃទៀតដែលត្រូវការសម្រាប់ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីធម្មតារបស់មនុស្សយើង។ ផលប៉ះពាល់នៃកង្វះមីក្រូសារជាតិទៅលើសុខភាពរាងកាយនិងសតិបញ្ញាស្មារតីអាចមានទំហំធំធេងនិងធ្ងន់ធ្ងរជាពិសេសបញ្ហាកូនកើតមកមិនគ្រប់ទម្ងន់ ប្រសិនបើយើងមើលរំលងនិងមិនបានយកចិត្តទុកដាក់ខ្ពស់»។

គួរបញ្ជាក់ថា បើយោងតាមសៀវភៅណែនាំអប់រំសុខភាព ស្តីពីសារៈសំខាន់នៃការប្រើប្រាស់ចំណីអាហារសម្បូរជាតិអ៊ីយ៉ូដ ក៏បានលើកឡើងថា បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាកង្វះមីក្រូសារជាតិដែលមាន បញ្ហាកង្វះជីវជាតិអា និងកង្វះជាតិដែក ហើយបញ្ហាកង្វះជាតិអ៊ីយ៉ូដ បានធ្វើឱ្យការវិវត្តផ្នែករាងកាយ និងការលូតលាស់ខាងប្រាជ្ញាសា្មរតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានបញ្ហាកង្វះអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ នោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបាននោះទេ។

យ៉ាងណា សម្រាប់ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានប្តេជ្ញាថា នឹងបង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ជំរុញការងារការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ដូចជា ជាតិអ៊ីយ៉ូដ ជីវជាតិអា និងជាតិដែក យ៉ាងយកចិត្តទុកដាក់  ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារកម្ពុជា ទទួលបានមីក្រូសារជាតិស្របទៅតាមរបបអាហារសុខភាពបានត្រឹមត្រូវ។នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល៕

អត្ថបទ៖ សែម ពិសី