ក្រសួងអប់រំ ដាក់ចេញគោលការណ៍អនុវត្តន៍៥ចំណុច ដើម្បីធានាសុខភាព និងអនាម័យនៅគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ចេញនូវគោលការណ៍អនុវត្តចំនួន៥ចំណុច ដើម្បីធានាសុខភាព និងអនាម័យនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា។ ការប្រកាសនេះ ត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដារស្ដីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ ដែលបានរៀបចំឡើង កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដាស្ដីពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ គឺដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាព សុខភាព អនាម័យ ជូនដល់គ្រឹះស្ថានសិក្សា ដែលជាចណុចសំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

ក្នុងនោះដែរ ក្រសួងអប់រំ ក៏បានដាក់ចេញនូវអភិក្រមអនុវត្តចំនួនប្រាំចំណុចក្នុងបរិបទនៃការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្នុងនោះមាន៖

១.បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរប្រកបដោយសុវត្ថិភាព ដើម្បីការពារត្រួតពិនិត្យសិស្ស រួមបញ្ចូលទាំងការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់មាតាបិតា សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន។

២.អនុវត្តសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។

៣.អនុវត្តកម្មវិធីសិក្សាដោយមានភាពទន់ភ្លន់ដោយផ្ដល់អាទិភាពដល់ការរៀនអាន និងគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្ដោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀនសម្រាប់សិស្សរៀនដោយខ្លួនឯង។

៤.ប្រើប្រាស់ខ្លឹមសារឌីជីថលបង្កើតឡើងដោយគ្រូឆ្នើមដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាព។

៥.បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះមាតាបិតា សហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ដែរថា សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ក្នុងនាមតំណាងឲ្យ ឯកឧត្ដមរដ្ឋមន្ត្រី លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អង្កការសុខភាពពិភពលោក(WHO) នាយកដ្ឋានសុខភាពសិក្សា នាយកដ្ឋានពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍនានា ដែលជានិច្ចជាកាល បានខិតខំប្រឹងប្រែងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុខភាពសិក្សានេះ៕អត្ថបទ៖សែម ពិសី