មន្រ្តីជំនាញ៖មនុស្ស៥ប្រភេទ ងាយរងគ្រោះខ្លាំងជាងគេពីបញ្ហាសុវត្ថិភាពចំណីអាហារ

ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។ក្នុងនោះ មានក្រុមមនុស្សចំនួន៥ប្រភេទ ងាយរងគ្រោះខ្លាំងជាងគេពីបញ្ហាសុវត្ថិភាពចំណីអាហារនេះ។

នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅក្នុងវេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាលកាលពីទីពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងអំណរគុណដល់អង្គការអង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា គម្រោង MUSEFO របស់អង្គការ GIZ និងសកលវិទ្យាល័យ MSVU នៃប្រទេសកាណាដា ដែលបានសហការរៀបចំនិងឧបត្ថម្ភថវិកាដល់វេទិកានេះ។

ក្នុងពេលនោះដែរមន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានមានប្រសាសន៍ទៀតថា៖អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រប់រូប។ជាមួយគ្នានេះ ក្រុមមនុស្សចំនួន៥ប្រភេទ ងាយរងគ្រោះខ្លាំងជាងគេ គឺទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹង បញ្ហាសុវត្ថិភាពចំណីអាហារ។

បន្ថែមពីទៀត ឯកឧត្តមថាក្នុងនាមរដ្ឋបាលខេត្តកណ្តាលក៏សូមសំណូមពរបណ្តាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់ប្រជាជន មន្ត្រីរាជការ បុគ្គលិក និយោជិក កម្មករ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងធ្វើការនៅតាម រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឲ្យផ្លាស់ប្តូរឥរិយាបទមកទទួលទាន អាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ ដូចជា ៖ បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឲ្យបានច្រើនគ្រប់មុខនិងទៀងទាត់ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការអាហារដែលធ្វើឲ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងបង្កើន ប្រសិទ្ធភាពការងារ ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។

មិនតែប៉ុណ្ណោះ កាលពីកន្លងទៅថ្មីៗនេះ ក៏មានរបាយការណ៏ជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលដែលបានបង្ហាញពីបញ្ហាទឹកដោះគោម្សៅផ្សំតាមរូបមន្តដែលមានកម្រិតជាតិដែក និងជាតិសង្គ័សីទាបខ្លាំង ហើយបណ្តាលឲ្យទារកជាច្រើនមានបញ្ហាកង្វះជាតិដែកធ្ងន់ធ្ងន់ធ្ងរ ហើយត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យថែមទៀត៕អត្ថបទ៖សែម ពិសី