ប្រព័ន្ធផ្សព្វផ្សាយជាសសៃឈាមសំខាន់ ជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា

ស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយជាសសៃឈាមដ៏សំខានដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង ក្នុងឱកាសសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់ ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសបើកសិក្ខាសាលាខាងលើនេះ លោកជំទាវ វេជ្ជ. ប្រាក់សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារសំខាន់នៃអាហារូបត្ថម្ភនិងការចិញ្ចឹមទារក និងកុមារ ក៏ដូចជារួមចំណែកក្នុងការលើកម្ពស់ការផ្លាស់ប្តូឥរិយាបថបុគ្គលនិងសង្គម ដែលនឹងរួមចំណែកដល់ការរអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិជាដើម។

នៅក្នុងសិក្ខាសាលានេះដែរ លោកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller មានប្រសាសន៍ថា “ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកសារព័ត៌មានទាំងអស់ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការសរសេរនិងផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ។ នាងខ្ញុំសង្កេតឃើញថាក្នុងរយៈពេលកន្លងមកនេះ មានសារពត៌មានទាក់ទិននឹងអាហារូបត្ថម្ភជាច្រើនអត្ថបទត្រូវបានចេញផ្សាយស្ទើរតែរៀងរាល់ថ្ងៃ។ សូមបន្តការផ្សព្វផ្សាយនេះតទៅទៀត ដើម្បីរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភ គ្រប់ទម្រង់នៅកម្ពុជា”។

បន្ថែមពីនេះដែរ លោកបណ្ឌិត អ៊ុន សំអឿន តំណាង គម្រោង MUSEFO នៃអង្គការ GIZ បានលើកឡើងដែរថា “ខ្ញុំសូមលើកទឹកចិត្តលោក លោកស្រី បន្តនូវការងារដ៏អស្ចារ្យដែលបានធ្វើកន្លងមក និងបន្តសរសេរអត្ថបទស្តីពីអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារតូចនៅកម្ពុជា ហើយសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីជាតិ។ យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ទាំងឥទ្ធិពលវិជ្ជមាន និងហានិភ័យនៃឥទ្ធិពលអវិជ្ជមាន ដែលព័ត៌មានមិនពិតអាចចែកចាយយ៉ាងទូលំទូលាយ»។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងអំណរគុណដល់អង្គការ Helen Keller និងគម្រោង MUSEFO ដែលបានរៀបចំនិងឧបត្ថម្ភថវិកាសិក្ខាសាលារយៈពេល១ថ្ងៃនេះ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ហើយវិស័យព័ត៌មានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ សេដ្ឋកិច្ច សង្គម និងនយោបាយ។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារវិញ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់នៃអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមដូច្នេះដែរថា «ប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភ,  លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលជាពិសេសជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភ ឲ្យបំពេញការងារស្របតាមភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដោយអនុលោមតាមគោលនយោបាយ និងលិខិតបទដ្ធាននានាជាដើមផងដែរ»។ 

ចំណែកឯ លោកជំទាវ នង ធួក នាយិការរងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មាន បានលើកឡើងថា ចំពោះការងារផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ ប្រព័ន្ធផ្សព្វផ្សាយមានសក្តានុពលមិនត្រឹមតែលើកកម្ពស់ចំណេះដឹងរបស់សាធារណៈជនពំពីសារសំខាន់នៃអាហារូបត្ថម្ភប៉ុណ្ណោះទេហើយថែមទាំងបានរួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភយ៉ាងមានប្រសិទ្ធភាពទៀតផង។

បន្ថែមលើនេះ លោកជំទាវថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងចាំបាច់ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពក្នុងរបៀបវារៈនយោបាយនិងគោលនយោបាយជាតិ។ ជាងនេះទៀត សារព័ត៌មានបានជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភ ឲ្យបំពេញការងារស្របតាមភារកិច្ចនិងការទទួលខុសត្រូវរៀងៗខ្លួនដោយអនុលោមតាមគោលនយោបាយ និងលិខិតបទដ្ធាននានាស្តីពីអាហារូបត្ថម្ភ។

គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍បានឲ្យដឹងថា៖មានអត្ថបទសារព័ត៌មាននិងវីដេអូពាក់ព័ន្ធអាហារូបត្ថម្ភចំនួនជាង៥០០ ត្រូវបានចុះផ្សាយនៅក្នុងរយះពេល៥ខែកន្លងមកនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានបានទទួលការបណ្តុះបណ្តាលកាលពីខែធ្នូឆ្នាំ២០២១កន្លងទៅនេះ។ នេះជាជោគជ័យមួយផ្នែក នៅក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានអាហារូបត្តម្ភដល់សារធាណះជន ដែលជាអាទិភាពចម្បងមួយរបស់យើង ក្នុងការបង្កើនចំណេះដឹងដល់ប្រជាជនកម្ពុជាពីសារសំខាន់អាហារូបត្ថម្ភ។

លើសពីនេះ អត្ថបទសារព័ត៌មានអាហារូបត្ថម្ភដែលបានផ្សាយដោយបណ្តាញសារព័ត៌មាន ត្រូវបានចែកចាយនៅតាមប្រព័ន្ធសង្គមដែលតាមរបាយការណ៏របស់អង្គការហេទ្បែន ខេលល័រ អន្តរជាតិ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២២ មានអ្នកចូលអានអត្ថបទព័ត៌មានអាហារូបត្ថម្ភដល់ទៅជាង ៧០ម៉ឺននាក់នៅក្នុងបណ្តាញសង្គមបី ដែលគ្រប់គ្រងដោយអង្គការអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ។ នេះជាការវិវត្តន៍ប្រកបដោយភាពវិជ្ជមានមួយដែលវិស័យសារព័ត៌មាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងសាធារណជនលើប្រធានបទអាហារូបត្ថម្ភ។

យ៉ាងណា តាមរយៈសិក្ខាសាលាខាងលើនេះដែរ ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ក៏បានបន្តជំរុញឲ្យអ្នកសារព័ត៌មាន បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យលើភាពត្រឹមត្រូវ ប្រភពព័ត៌មានច្បាស់លាស់ និងភាពទាក់ទាញលើអត្ថបទរបស់ខ្លួនមុនពេលចេញផ្សាយដើម្បីរក្សាបាននូវគុណតម្លៃសារព័ត៌មានក្នុងស្រទាប់មហាជនផងដែរ៕ អត្ថបទ៖ សែម ពិសី