រដ្ឋាភិបាល នឹងដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តថ្មី ដើម្បីផ្លាស់ប្តូរឥរិយាបថលើអាហាររូបត្ថម្ភនៅកម្ពុជាឆាប់ៗនេះ

កម្ពុជា​ គ្រោងនឹងប្រកាសដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជាជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងពន្លឿនការងាររៀបចំយុទ្ធសាស្រ្តនេះយ៉ាងយកចិត្តទុកដាក់។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា តាមរយៈសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ កាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាខាងលើ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលសហការជាមួយអង្គការដៃគូនានាដូចជា Helen Keller, UNICEF, World Bank, WHO, Alive and Thrive និងអង្គការមួយចំនួនទៀត បានរៀបចំបង្កើននូវឯកសារដ៏សំខាន់មួយគឺយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជាដែលនឹងប្រកាសដាក់ឲ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុននេះ។

លោកជំទាវបន្តទៀតថា “យុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតាទារក និងកុមារតូចនៅកម្ពុជាផ្តោតលើអាទិភាពចំនួន៤ចំនុចដែលផ្តល់សារ:សំខាន់លើឱកាសមាស ១០០០ ថ្ងៃដំបូងនៃជីវិត៖ ១. អាហារូបត្ថម្ភសម្រាប់មាតាផ្តោតលើការបរិភោគអាហារចម្រុះ ជាពិសេសអាហារសម្បូរប្រូតេអ៊ីននិងថាមពលឱ្យបានគ្រប់គ្រាន់ និងទទួលបានមីក្រូសារជាតិ ដើម្បីឱ្យមានការឡើងទម្ងន់សមស្របក្នុងអំឡុងពេលមានផ្ទៃពោះ, ២. ការបំបៅកូនដោយទឹកដោះម្ដាយផ្តោតលើ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្ដាយក្នុងម៉ោងដំបូងក្រោយសម្រាល, ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ក្នុងអំឡុងប្រាំមួយខែដំបូង, និងការបន្តបំបៅកូនដោយទឹកដោះម្ដាយឱ្យបានរហូតដល់កុមារអាយុយ៉ាងហោចណាស់ ២ ឆ្នាំឬលើស, ៣. ការផ្ដល់អាហារបន្ថែម, និង ៤. ការតាមដានលើកកម្ពស់ការលូតលាស់ និងការអភិវឌ្ឍទារក និងកុមារតូច”។

លោកជំទាវ បានឲ្យដឹងបន្ថែមថា យុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតាទារកនិងកុមារតូចនៅកម្ពុជានឹងផ្តោតលើក្រុមគោលដៅចំនួនបីគឺ៖

-ក្រុមគោលដៅទី១ រួមមាន៖ បុគ្គល ដែលទទួលខុសត្រូវជាចម្បងលើលទ្ធផលអាហារូបត្ថម្ភរបស់មាតា ទារកនិងកុមារតូចអាយុក្រោម ២ឆ្នាំ ដែលជាក្រុមគោលដៅសំខាន់បំផុតនៃយុទ្ធសាស្ត្រនេះ។ ក្រុមគោលដៅទី១ សម្រាប់យុទ្ធសាស្ត្រនេះ រួមមាន៖ ស្ត្រីមានផ្ទៃពោះ ម្ដាយ និងអ្នកថែទាំកុមារអាយុ ០ ដល់ ២៤ ខែ ។

ក្រុមគោលដៅទី២ រួមមាន៖ ក្រុមមនុស្សសំខាន់ៗ ដែលអាចមានឥទ្ធិពលលើក្រុមគោលដៅទី១ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរឥរិយាបថ ដែលយើងកំពុងធ្វើការលើកកម្ពស់និងជាក្រុមមនុស្សដែលអាចជួយក្នុងការលុបបំបាត់ឧបសគ្គផ្សេងៗ និងបង្កើតនូវបរិយាកាសអំណោយផលលើការផ្លាស់ប្តូរឥរិយាបថ។ ក្រុមគោលដៅទី២ របស់យើងរួមមាន៖ អ្នកផ្ដល់សេវាសុខភាព សមាជិកគ្រួសារ និង សហគមន៍ ក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមប្រឹក្សាឃុំ រួមនឹង  គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងគណៈកម្មាធិការពិគ្រោះយោបល់ស្ដ្រី និងកុមារស្រុក។

-ក្រុមគោលដៅទី ៣គឺជា៖ អ្នកពាក់ព័ន្ធ ដែលអាចកៀរគរ និងវិភាជធនធាននានា មានឥទ្ធិពលលើការតាក់តែងគោលនយោបាយតាមវិស័យនានា ដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភមាតា ទារក និងកុមារតូច និងមានឥទ្ធិពលលើក្រុមគោលដៅទី១ និងទី២ តាមរយៈការឆ្លើយតបចំពោះឧបសគ្គនានា និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្ដូរឥរិយាបថពាក់ព័ន្ធនឹងអាហារូបត្ថម្ភមាតាទារក និងកុមារតូច។

ពាក់ព័ន្ធយុទ្ធសាស្រ្តថ្មីខាងលើនេះដែរ លោក ហ៊ូ ក្រើន នាយរងអង្គការ Helen Keller បានបញ្ជាក់ថាក្នុងនាមជាដៃគូផ្នែកអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាល លោកផ្ទាល់សូមគាំទាំងស្រុងនូវយុសាស្រ្តថ្មីនេះ។ លោកសង្ឈឹមថា យុទ្ធសាស្ត្រថ្មីនឹងជួយជម្រុញនូវការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភមាតា ទារក និងកុមារឲ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ ប្រសិនបើយុទ្ធសាស្ត្រនេះត្រូវបានពង្រឹងក្នុងការអនុវត្តន៏ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ។

លោកបន្តទៀតថា យុទ្ធសាស្ត្រថ្មីនេះបានរៀបចំឡើងដោយបានគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយលើការប្រែក្លាយពីចំណេះដឹង ទៅជាការអនុវត្តន៍ផ្លាស់ប្តូរឥរិយាបថជាក់ស្តែងលើអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ។

នាយរងអង្គការ Helen Keller រូបនេះបានឲ្យដឹងបន្តថា ការសិក្សាតាមបែបវិទ្យាសាស្ត្របានរកឃើញថា ទំនាក់ទំនងដើម្បីផ្លាស់ប្ដូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងបុគ្គលនិងសង្គម គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ការអនុវត្តនិងការផ្លាស់ប្ដូរទម្លាប់ចិញ្ចឹមទារកនិងកុមារតូច ក៏ដូចជាស្ថានភាពអាហារូបត្ថម្ភ និងឥរិយាបថសុខភាពដទៃទៀតដែរ។ លោកក៏សូមឲ្យប្រពន្ធ័ផ្សព្វផ្សាយ ជួយផ្សព្វផ្សាយយុទ្ធសាស្ត្រនេះឲ្យបានទូលំទូលាយបន្ទាប់ពីការប្រកាសដាក់ឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាលជាផ្លូវការហើយ។

សូមរម្លឹកដែរថា ប្រទេសកម្ពុជា បានទទួលជោគជ័យនៅក្នុងការកាត់បន្ថយអត្រាក្រិសក្រិនពី៥០% នៅឆ្នាំ២០០០ មកត្រឹម ៣២% នៅឆ្នាំ២០១៤ និងបានធ្វើឱ្យប្រសើរទ្បើងនូវស្ថានភាពសុខភាព និង  អាហារូបត្ថម្ភមាតា ទារក និងកុមារតូច នាទសវត្សរ៍ចុងក្រោយនេះ។ទោះជាយ៉ាងណាក៏ដោយ អត្រាក្រិសក្រិននៅតែមានកម្រិតខ្ពស់ (៣២%) បើធៀបនឹងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ។ អត្រាក្រិសក្រិនខ្ពស់នេះគឺជាកត្តាគំរាមកំហែងនិងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរបស់ប្រទេសនេះផងដែរ។ ការដោះស្រាយបញ្ហាក្រិសក្រិនមានសារៈសំខាន់ និងចាំបាច់ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួនត្រឹមឆ្នាំ២០៣០។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកទីក្រុងតូក្យូកាលពីខែធ្នូ ឆ្នាំ២០២១ ស្តីពីអាហារូបត្ថម្ភដើម្បីកំនើន ក្នុងការកាត់បន្ថយអាត្រាក្រេសក្រិនឲ្យបាន១៩% និងបង្កើនអាត្រាការបំបៅដោះកូនតែមួយគត់ ចាប់ពីកើតដល់អាយុ៦ខែ ឲ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០។

ហេតុនេះ ដើម្បីសម្រេចបាននូវគោលដៅការប្តេជ្ញាចិត្តបង្កើនអាត្រាការបំបៅដោះកូនតែមួយគត់ ចាប់ពីកើតដល់អាយុ៦ខែ ឲ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០ ខាងលើនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានសម្រេចរៀបចំយុទ្ធសាស្ត្រមួយឈ្មោះថា៖ “យុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជា” ដែលមានគោលបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជាតាមរយៈការអនុវត្តទម្លាប់ល្អៗក្នុងការចិញ្ចឹមទារក និងកុមារតូច ដែលមានលក្ខណៈល្អប្រសើរបំផុត៕ អត្ថបទ៖ សែម ពិសី