រដ្ឋាភិបាលថា «ទឹកជា«មាស-ស» ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បានរៀបចំឡើងនាទីក្រុង Kumamoto ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

នាពេលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។

ជាមួយគ្នា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។

អ្វីដែលកាន់តែពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»ផងដែរ។

គួរបញ្ជាក់ដែរថា ទាក់ទិននឹងវិស័យទឹកនៅកម្ពុជានេះដែរ អន្តរក្រសួង និងដៃគូរពាក់ព័ន្ធ ក៏ធ្លាប់បានចាត់ទុកដែរថា វិស័យផ្គត់ផ្គង់ទឹកស្អាត ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកផ្គត់ផ្គង់ស្បៀង ដែលជាចំណែកចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាមិនអាចខ្វះបាននោះឡើយ។

ហេតុនេះ អន្តរក្រសួង និងដៃគូរពាក់ព័ន្ធ យល់ថា កម្ពុជាមិនអាចមើលរំលងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ( WASH )បាននោះឡើយ ក្នុងការរួមចំណែកកាត់បន្ថយ ឬលុបបំបាត់បញ្ហាកង្វះអាហាររូបត្ថម្ភ ការតស៊ូមតិ(Advocacy)នៃគោលនយោបាយពហុវិស័យ និងហិរញ្ញវត្ថុ ដែលត្រូវឆ្លើយតបទៅនឹងការអន្តរាគមន៍ក្នុងការការពារបញ្ហាកុមារក្រិសក្រិន និងស្គមស្គាំងនៅកម្ពុជាឲ្យកានតែមានប្រសិទ្ធភាព៕

អត្ថបទ៖ សែម ពិសី