កម្ពុជា ផ្តល់ដំណោះស្រាយ៤ចំនុចធំៗ ដើម្បីគ្រប់គ្រងទឹកឲ្យមានចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

ការចែករំលែកទស្សនទាននេះ ត្រូវបានធ្វើឡើងតាមរយៈពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក“ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ ដែលបានប្រារព្ធឡើងនាទីក្រុង Kumamoto ប្រទេសជប៉ុន, កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

ក្នុងពេលនោះ សម្តេច ហ៊ុន សែន ក៏បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖

-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។

-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក “នេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ដោយក្នុងនោះ សម្តេច បានលើកឡើងថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។ហេតុនេះ គ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក ទាមទារឲ្យមានការថែរក្សា និងរួមគ្នាគ្រប់គ្រងទឹកឲ្យបានប្រសើរឡើងថែមទៀត៕

អត្ថបទ៖​សែម ពិសី