កម្ពុជា កំពុងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

អន្តរគណៈកម្មការជំនាញរដ្ឋសភានារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២  បានបើកកិច្ចពិភាក្សាពន្លឿនការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីឈានទៅជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់។

ការប្រជុំពិនិត្យនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំដោយ​ ឯកឧត្តម កែប ជុតិមា ប្រធានស្តីទីគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដោយបានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

សូមរម្លឹកថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន១១ជំពូក និង៤៣មាត្រា។

គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។

ហេតុនេះ តាមរយៈកិច្ចប្រជុំខាងលើនេះដែរ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានសារសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖សែម ពិសី