ត្រឹម៥ខែសោះ៖ មានអត្ថបទ និងវីដេអូពាក់ព័ន្ធអាហារូបត្ថម្ភជាង៥០០​ត្រូវបានផ្សព្វផ្សាយដល់មហាជន

តាមរបាយការណ៍អង្គការ Helen Keller បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២២ មានសារព័ត៌មានជាង៣០ ស្ថាប័នបានចូលរួមផ្សព្វផ្សាយព័ត៌មានរហូត៥00 អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល។

របាយការណ៍ ត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

តាមរបាយការណ៍ខាងលើ បានឲ្យដឹងថា៖មានអត្ថបទសារព័ត៌មាននិងវីដេអូពាក់ព័ន្ធអាហារូបត្ថម្ភចំនួនជាង៥០០ ត្រូវបានចុះផ្សាយនៅក្នុងរយះពេល៥ខែកន្លងមកនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានបានទទួលការបណ្តុះបណ្តាលកាលពីខែធ្នូឆ្នាំ២០២១កន្លងទៅនេះ។

លើសពីនេះ អត្ថបទសារព័ត៌មានអាហារូបត្ថម្ភដែលបានផ្សាយដោយបណ្តាញសារព័ត៌មាន ត្រូវបានចែកចាយនៅតាមប្រព័ន្ធសង្គមដែលតាមរបាយការណ៏របស់អង្គការហេទ្បែន ខេលល័រ អន្តរជាតិ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២២ មានអ្នកចូលអានអត្ថបទព័ត៌មានអាហារូបត្ថម្ភដល់ទៅជាង ៧០ម៉ឺននាក់នៅក្នុងបណ្តាញសង្គមបី ដែលគ្រប់គ្រងដោយអង្គការអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ។ នេះជាការវិវត្តន៍ប្រកបដោយភាពវិជ្ជមានមួយដែលវិស័យសារព័ត៌មាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងសាធារណជនលើប្រធានបទអាហារូបត្ថម្ភ។

មិនតែប៉ុណ្ណោះនេះ ក៏ជាជោគជ័យមួយផ្នែក នៅក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានអាហារូបត្តម្ភដល់សារធាណះជន ដែលជាអាទិភាពចម្បងមួយរបស់យើង ក្នុងការបង្កើនចំណេះដឹងដល់ប្រជាជនកម្ពុជាពីសារសំខាន់អាហារូបត្ថម្ភ។

ទាក់ទិននឹងអត្ថបទ និងវីដេអូពាក់ព័ន្ធអាហារូបត្ថម្ភនេះដែរ  លោកជំទាវ វេជ្ជ. ប្រាក់សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា« ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះការផ្សព្វផ្សាយព័ត៌មានអាហារូបត្ថម្ភដ៏មានសារៈសំខាន់ទាំងអស់នេះ និងសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់រួមគ្នាបន្តការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភនេះ ឲ្យបានច្រើនបន្តទៀតដើម្បីចូលរួមលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ដែលជាអាទិភាពដ៏ចម្បងមួយរបស់ រាជរដ្ឋាភិបាលកម្ពុជាយើង»។

ជាមួយគ្នានេះដែរ ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានលើកឡើងដែរថា«ក្នុងនាមជាអ្នកចូលរួមលើដំណើរការត្រួតពិនិត្យ និងវាយតម្លៃអត្ថបទសារព័ត៌មានដែលបានផ្សព្វផ្សាយលើប្រធានបទអាហារូបត្ថម្ភកន្លងមក ខ្ញុំសូមកោតសរសើរដោយស្មោះដល់អ្នកសារព័ត៌មានយើងទាំងអស់ដែលបានខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ»។

លើសពីនេះ ឯកឧត្តមថា បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ហើយវិស័យព័ត៌មានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ សេដ្ឋកិច្ច សង្គម និងនយោបាយ។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារវិញ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់នៃអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ។

ហេតុនេះ ឯកឧត្តមថា ប្រព័ន្ធផ្សព្វផ្សាយ ពិតបានរួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភ,  លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលជាពិសេសជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភ ឲ្យបំពេញការងារស្របតាមភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដោយអនុលោមតាមគោលនយោបាយ និងលិខិតបទដ្ធាននានា។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍អង្គការ Helen Keller ក៏បានឲ្យដឹងបន្ថែមថា ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២២ មានសារព័ត៌មានជាង៣០ ស្ថាប័នបានចូលរួមផ្សព្វផ្សាយព័ត៌មានចំនួន ៥00 អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល  ដែលមានខ្លឹមសារទាក់ទិននឹង៖  ការបំបៅដោះកូន, ការផ្តល់អាហារបន្ថែម, ទិន្នន័យពាក់ព័ន្ធអាហារូបត្ថម្ភ, ការអនុវត្តន៏អនុក្រិត្យលេខ១៣៣ និងគោលនយោបាយអាហារូបត្ថម្ភនានា, អាហារូបត្ថម្ភមាតា, ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិ, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ប្រព័ន្ធស្បៀង, ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ, សុវត្ថិភាពចំណីអាហារ, ស្លាកសញ្ញាចំណីអាហារ, ផលិតកម្មស្បៀង, ការធ្វើកសិកម្មគិតគូរដល់អាហារូបត្ថម្ភ (ដូចជាការផលិត បន្លែ ផ្លែឈើ ចិញ្ចឹមត្រី ចិញ្ចឹមមាន់), អនាម័យ និងទឹកស្អាត, ជំនួយសង្គម/សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ទីផ្សារកសិកម្ម, ឬសកម្មភាពផ្សេងទៀតដែលគិតគូរពីអាហារូបត្ថម្ភនៅកម្ពុជា៕

អត្ថបទ៖ សែម ពិសី