តើកម្ពុជា នឹងទទួលបានប្រយោជន៍អ្វីខ្លះ នៅពេលមានច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ?

កម្ពុជា បានកំពុងពិភាក្សាពន្លឿនការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ឲ្យឈាន​ទៅអនុម័តនិងចូលជាធរមាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់។

ទន្ទឹមនឹងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ កំពុងត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភាកំពុងធ្វើការពិនិត្យនិងពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅឡើយនោះ  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។

តើកម្ពុជា នឹងទទួលបានប្រយោជន៍អ្វីខ្លះ នៅពេលមានច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ?

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកអំពីខ្លឹមសារនិងអត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជាអាចទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលក្នុងនោះរួមមាន៖

បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប

កំណត់លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

ជម្រុញឱ្យមានការអនុវត្តនូវវិធានការអនាម័យនិងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បីទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌។

ជាងនេះទៀត ឯកឧត្តម ក៏បានបញ្ជាក់អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ រួមមានជាអាទិ៍ដូច្នេះដែរ៖

សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាព នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច

សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីកំណត់ជាបទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

ទាក់ទិននឹងបញ្ហាសុវត្ថិភាពចំណីអាហារនេះដែរ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ធ្លាប់បានថ្លែងថាអាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រប់រូប។ជាមួយគ្នានេះ ក្រុមមនុស្សចំនួន៥ប្រភេទ ងាយរងគ្រោះខ្លាំងជាងគេ គឺទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹង បញ្ហាសុវត្ថិភាពចំណីអាហារ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គណៈកម្មការជំនាញនៃរដ្ឋសភា បានពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មុនស្នើដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។

គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។

មិនតែប៉ុណ្ណោះ កាលពីកន្លងទៅថ្មីៗនេះ ក៏មានរបាយការណ៏ជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលដែលបានបង្ហាញពីបញ្ហាទឹកដោះគោម្សៅផ្សំតាមរូបមន្តដែលមានកម្រិតជាតិដែក និងជាតិសង្គ័សីទាបខ្លាំង ហើយបណ្តាលឲ្យទារកជាច្រើនមានបញ្ហាកង្វះជាតិដែកធ្ងន់ធ្ងន់ធ្ងរ ហើយត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យថែមទៀត។

ហេតុនេះ កម្ពុជា រំពឹងថា នៅពេលសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារបានចូលជាធរមានវាពិតជាមានសារសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ សែម ពិសី