
ខេត្តស្វាយរៀង បានក្លាយជាខេត្ត ដែលឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ១០០% ដំបូងគេនៅកម្ពុជា។ នេះបើតាមការប្រកាសឲ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
កម្មវិធីប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ធ្វើឡើងក្រោមវត្តមានឯកឧត្តមអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់ ។
ក្នុងពេលនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា លទ្ធផលនៅពេលនេះ គឺបានឆ្លើយតបទៅនឹងផែនការយុទ្ឋសាស្រ្តជាតិ (PSP) និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបញ្ជាក់ដូច្នេះថា“លទ្ធផលដ៏ល្អប្រសើរនេះមិនត្រឹមតែបង្ហាញឱ្យឃើញការរីកចម្រើនផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនិងជីវភាពរបស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍”។
ឯកឧត្តម បានបញ្ជាក់បន្តថា ការងារលើកកម្ពស់អនាម័យខេត្តទទួលបានភាពជោគជ័យនាពេលនេះ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) មានឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ មានសមាសភាពចូលរួមពី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី អមដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ ។
សូមជម្រាបថា រដ្ឋបាលខេត្តស្វាយរៀងបានប្តេជ្ញាលើកកម្ពស់ការងារលើកកម្ពស់អនាម័យជនបទ និងការងារ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ឱ្យក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងល្អប្រសើរ (ODF+) តាមផែនការដែលបានគ្រោងទុក ។
ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃនីញ នឹងខេត្ដឡុងអាន ប្រទេសវៀតណាម ។ ប្រជាជនបច្ចុប្បន្នមានចំនួនជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម២ បែងចែកជា ០២ក្រុង (ក្រុងស្វាយរៀង និងក្រុងបាវិត) និង ០៦ស្រុក (ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា) ចែកចេញជា ១២សង្កាត់ និង៦៨ឃុំ (៨០ ឃុំ-សង្កាត់) ស្មើនឹង ៦៩០ភូមិ។
ដោយឡែកក្នុងឆ្នាំ ២០១៧ស្រុកស្វាយទាប ដែលជាស្រុកមួយរបស់ខេត្តស្វាយរៀង ក៏បានក្លាយជាស្រុកដំបូងគេរបស់ខេត្ត បានប្រកាសបញ្ចប់បញ្ហាបន្ទោបង់ពាសវាលពាសកាលផងដែរ។ដែលកាលណោះ បានគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការភ្លែនអន្តរជាតិ៕
អត្ថបទ៖ សែម ពិសី