ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សា និងបំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិកដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!

(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​មិនចេះ​សាបសូន្យ​ចំពោះ​អនាគត​សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ធនធាន​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​របស់​ប្រទេសជាតិ ក្រុមហ៊ុន សាម​សុង កម្ពុជា ក៏បាន​បន្ត​នូវ​យុទ្ធនាការ​សប្បុរសធម៌​របស់ខ្លួន​ដោយ​ធ្វើការ​បរិច្ចាគ​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន 500 នាក់ និង​រចនា បណ្ណាល័យ​ឱ្យមាន​ភាព​ទាក់ទាញ​ថ្មី (Renovate) ដោយ​បន្ថែម​សៀវភៅ​ក្នុង​បណ្ណាល័យ​ចំនួន 400 ក្បាល ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខារ និង​បរិក្ខារ​អេឡិចត្រូនិក​មួយចំនួន​ជូន​ដល់​សាលាបឋមសិក្សា អូ​ហ្គុ​រ៉ា​ត្រកៀត ដែល​ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សូមបញ្ជាក់​ផងដែរ​ថា​សកម្មភាព​ស​ប្បុ​រសធម៌​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​សប្បុរសធម៌​ចម្បង “Love & Care” របស់​ក្រុមហ៊ុន សាម​សុង។ ហើយ​គោលបំណង​ចម្បង​បំផុត​នៃ​សកម្មភាព​សប្បុរសធម៌​នេះ​គឺ​ក្រុមហ៊ុន សាម​សុង កម្ពុជា ចង់​ចែករំលែក​នូវ​សេចក្តីស្រឡាញ់ ស្នាមញញឹម និង​ក្តីសង្ឃឹម​ដល់​សិស្សានុសិស្ស ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យកចំណេះ​វិជ្ជា និង​ធ្វើខ្លួន​ឱ្យ​ក្លាយជា​សិស្ស​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​ប៉ុណ្ណោះ។

គួរបញ្ជាក់​ផងដែរ​ថា​ក្រៅ​អំពី​ការបរិច្ចាគ​នូវ​កញ្ចប់​សម្ភារ​សិក្សា និង​រចនា​បណ្ណាល័យ​ឱ្យមាន​ភាព​ទាក់ទាញ​ពោរពេញ​ដោយ​ផាសុកភាព​ជាមួយនឹង​បរិក្ខារ​អេឡិចត្រូនិក​ដែល​ក្រុមហ៊ុន សាម​សុង ធ្វើការ​ផ្តល់ជូន​នាពេលនេះ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លើកទឹកចិត្ត និង​ក្រើនរំឭក​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណា​បន្ត​ខិតខំ​ផ្ទេរ​នូវ​ចំណេះដឹង​ដល់​សិស្សានុសិស្ស និង​បន្ត​រក្សា​អនាម័យ និង​អនុវត្ត​វិធានការ 3កុំ 3ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ពី​ការរីក​រាលដាល​នៃ​បញ្ហា​វិបត្តិ​សកល​ផងដែរ។

លោកនាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា  “ការផ្តល់ជូន​នូវ​ផលិតផល សាម​សុង ដែលមាន​គុណភាព​ខ្ពស់បំផុត​ជូន​មនុស្សជាតិ​គឺជា​រឿង​ដ៏​សំខាន់បំផុត​ស្របតាម​ចក្ខុវិស័យ និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ប៉ុន្តែ​ការ​ផ្តល់នូវ​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​ធនធានមនុស្ស​ក៏​ជា​កត្តា​អាទិភាព​ដែល​មិនអាច​ខ្វះ​បាន​ផងដែរ។
ជាមួយគ្នានេះដែរ លោក សាំង នី នាយក​សាលាបឋមសិក្សា អូ​ហ្គុ​រ៉ា​ត្រកៀត ក៏បាន​មានប្រសាសន៍​ដែរ​ថា “ក្រោយពី​មាន​ការរីក​រាលដាល​វិបត្តិ​សកល និង​ឧបសគ្គ​យ៉ាងណាក្តី​ក៏​ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ និង​ជាពិសេស​ក្រុមហ៊ុន សាម​សុង កម្ពុជា មិនដែល​ភ្លេច និង​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការជួយ​ជំរុញ​ដល់​វិស័យ​ធនធានមនុស្ស​ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឫស្សី​ស្នូល​ដ៏​សំខាន់​សម្រាប់​ប្រទេសជាតិ។

បន្ថែម​ពីនេះ​ដែរ លោក គីម យ៉ុង​ហូ ប្រធាន​គ្រប់គ្រង​នៃ​អង្គការ Good Neighbors ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “នេះ​មិនមែនជា​លើក​ទី1 ទេ​ដែល​បានឃើញ​ក្រុមហ៊ុន សាម​សុង កម្ពុជា ធ្វើការ​ចែករំលែក​នូវ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ និង​ធនធានមនុស្ស​តាមរយៈ​យុទ្ធនាការ​សប្បុរសធម៌​របស់ខ្លួន​ស្របគ្នា​ជាមួយនឹង​ចក្ខុវិស័យ​អង្គការ Good Neighbors ដោយ​ផ្តោត​សំខាន់​ជំរុញ​ការអប់រំ​លើ​កុមារ អភិវឌ្ឍ​សហគមន៍ និង​លើ​កម្ពស់​បញ្ហា​សុខភាព​ជាដើម។

ជា​ចុងក្រោយ​អ្វីដែល​ក្រុមហ៊ុន សាម​សុង ធ្វើ​នាពេលនេះ​គឺ​គ្រាន់តែ​ចង់ឃើញ និង​ចង់ឱ្យ​សិស្សានុសិស្ស​ទាំងអស់​មាន​ភាព​រីករាយ​ក្នុងការ​សិក្សា មានការ​តស៊ូ មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត និង​ជាពិសេស​ផ្តល់នូវ​ផល​វិជ្ជមាន​ទៅដល់​សហគមន៍…ដល់​សង្គម និង​ដល់​ប្រទេស​កម្ពុជា​វិញ ប៉ុណ្ណោះ។