ស្ងាត់ៗ ឆាយ គីមថារ៉ូ ប្រកាសស្វែងរកអ្នកជំពាក់លុយឱ្យបង្ហាញមុខ និងទូទាត់បំណុល

ភ្នំពេញ ៖ អស់រយៈពេលមិនតិចជាង៣ឆ្នាំនោះទេ ដែលតារាសម្ដែង និងបង្ហាញម៉ូត លោក ឆាយ គីមថារ៉ូ ត្រូវបានដកខ្លួនពីវិថីសិល្បៈ ហើយងាកទៅពង្រីកអាជីវកម្មផ្ទាល់ខ្លួនយ៉ាងមមាញឹក។ ដោយឡែកស្រាប់តែនៅថ្ងៃចុងសប្ដាហ៍នេះតែម្ដង តាមរយៈគណនីផ្លូវការផ្ទាល់ខ្លួន អតីតតារាសម្ដែងរូបនេះបានបង្ហាញវត្តមានសាជាថ្មី ជាមួយនឹងការបង្ហាញបង្ហោះសារស្វែងរកអ្នកជំពាក់លុយដោយភ្ជាប់ជាមួយរូបថតស្ត្រីម្នាក់ផងដែរ ក្នុងចេតនាអន្ទង់អ្នកដែលជំពាក់ចូលមកសងបំណុលរបស់ខ្លួន។


នៅលើបណ្តាញទំនាក់ទំនងសង្គមតាមរយៈគណនីផ្លូវការផ្ទាល់ តារាសម្ដែង លោក ឆាយ គីមថារ៉ូ បានសរសេរបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងក្នុងការប្រកាសស្វែងរកអ្នកជំពាក់លុយជាសាធារណៈ ដោយមានបង្ហាញឈ្មោះ និងរូបភាពអ្នកជាប់ពាក់ព័ន្ធយ៉ាងច្បាស់ៗផងដែរ ជាពិសេស លោកបានប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់អ្នកណាដែលបានផ្តល់ដំណឹងពីទីកន្លែងរស់នៅរបស់អ្នកជំពាក់លុយដល់រូបលោកថែមទៀតផង។


លោក ឆាយ គីមថារ៉ូ បានសរសេរយ៉ាងដូច្នេះថា ៖ «ខ្ញំបាទ ឆាយ គឹម ថារ៉ូ ខ្ញំ ប្រកាស រកបង ស្រី ឃឹម ចូលខ្លួនមកដោះស្រាយ រឿងបំណុលដែលជំពាក់ខ្ញំបាទ ដោយសារទាក់ទងមិនបាន លេខក៏ខលមិនចូលឆាតក៏បិទដែរ ចឹងខ្ញំមិនដឹងទាក់ទងតាមណាមានតែអោយបងប្អូនជួយ Share អោយទៅដល់កូនគាត់នឹងអ្នកស្គាល់គាត់អោយគាត់ដឹងផង ឆាប់ទាក់ទងមកខ្ញំ រឺមានបងប្អូនជួបគាត់កន្លែងណាឆាតមកប្រាប់ខ្ញំនឹងជូនជាប្រាក់ជាកាលើកទឹកចិត្តផងដែល»។


ជួបជាមួយអ្នកយកព័ត៌មានរបស់យើង លោក ឆាយ គីមថារ៉ូ បានបញ្ជាក់ថា ៖ «គាត់ម្នាក់ហ្នឹងជំពាក់លុយខ្ញុំយូរហើយ វាមិនច្រើនទេ ហើយក៏មិនតិចនោះដែរ។ ខ្ញុំយោគយល់គាត់ទើបឱ្យខ្ចី និងទុកពេលវេលាសម្រាប់គាត់សងត្រឡប់មកវិញក៏យូរហើយដែរ ប៉ុន្តែអ្វីដែលសំខាន់ មិនត្រឹមតែមិនទាក់ទងមកខ្ញុំនោះទេ សូម្បីតែលេខទូរស័ព្ទដែលគាត់ធ្លាប់ប្រើតេមិនចូល ឆាតតាម facebook ក៏មិនតប ដល់ពេលចឹងបាត់ដំណឹងគាត់ឈឹងតែម្ដង»។
បើទោះជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានរបស់យើងមិនអាចសន្និដ្ឋានបាននោះទេថា បញ្ហាបំណុលនេះមានទំហំប៉ុណ្ណា ឬមានអ្វីនៅពីក្រោយខ្នងនោះទេ ព្រោះវាជារឿងបុគ្គល ហើយក៏សូមស្វាគមន៍ចំពោះការបកស្រាយរបស់អ្នកដែលត្រូវបានរងនូវការចោទប្រកាន់ថាជំពាក់លុយរបស់លោក ឆាយ គីមថារ៉ូ ផងដែរ៕