
ជាទូទៅក្រោយពេលស្រ្ដីសម្រាលកូនរួច បញ្ហាមួយដែលអ្នកម្ដាយជាច្រើនជួបប្រទះ គឺបញ្ហាក្លិនមិនល្អ (ក្លិនឆ្អាប) ដែលកើតចេញពីទឹកដោះ និងឈាមក្រោយសម្រាល។ ជាមួយនឹងបញ្ហានេះ បងៗស្ត្រីជាច្រើនបានចោទជាសំណួរថា តើយើងគួរធ្វើយ៉ាងណា ដើម្បីបំបាត់ក្លិនទាំងនោះ?
ចម្លើយ គឺងាយស្រួល និងសាមញ្ញបំផុត នោះគឺស្លឹកគ្រៃ។ ស្លឹកគ្រៃជាឱសថ និងគ្រឿងសម្រាប់ធ្វើម្ហូបដែលខ្មែរយើងប្រើប្រាស់ក្នុងជីវភាពយ៉ាងពេញនិយម។ រុក្ខជាតិប្រភេទនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការបំបាត់ក្លិនឆ្អាបផ្សេងៗ និងប្រើជាគ្រឿងសម្រាប់ផ្សំនឹងសម្លបង្កើតរសជាតិយ៉ាងឈ្ងុយឆ្ងាញ់។
ដើម្បីបំបាត់ក្លិនមិនល្អក្រោយពេលសម្រាលកូនរួច បងៗស្ត្រីត្រូវស្លឹកគ្រៃដាំងូតទឹកពីរថ្ងៃម្ដង ឬរៀងរាល់ថ្ងៃក៏កាន់តែប្រសើរ។ ក្លិនក្រអូបរបស់ស្លឹកគ្រៃ បានជួយឱ្យស្ត្រីប្រសូតបុត្ររួច មានអារម្មណ៍ស្រាលខ្លួន។ សម្រាប់វិធីធ្វើ គឺត្រូវយកស្លឹកគ្រៃមួយក្ដាប់ (ទាំងស្លឹក ទាំងគល់) លាយអំបិលបន្ដិច រួចដាំឲ្យពុះ ដោយលាយជាមួយទឹកត្រជាក់សមល្មម ដើម្បីឲ្យទឹកនៅសីតុណ្ហភាពក្ដៅអ៊ុនៗ៕