
ភ្នំពេញ: បន្ទាប់ពីមានអតិថិជនមួយចំនួនបាននាំគ្នារអ៊ូរទាំថា ដាច់ភ្លើងញឹកញាប់ ប៉ុន្ដែពេលចេញវិក្កយបត្រមក ស្រាប់តែអស់លុយច្រើនជាងការផ្គត់ផ្គង់ចរន្តក្នុងផ្ទះដែលមិនសូវដាច់ទៅវិញ។ ចម្ងល់នេះ ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាចេញមុខពន្យល់ទៅអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមួយចំនួនដែលងឿងឆ្ងល់ជុំវិញបញ្ហានេះ។
តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្លូវការអាជ្ញាធរអគ្គិសនីកម្ពុជាបានសរសេរឆ្លើយតបនឹងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៤មេសានេះថា៖ អគ្គិសនីដែលអ្នកផ្គត់ផ្គង់លក់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាស្ទង់អគ្គិសនី ឬជញ្ជីងវាស់អគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីឲ្យនាឡិកាស្ទង់នោះ ធ្វើការវាស់វែង និងកត់ត្រាចំនួនគីឡូវ៉ាត់ម៉ោង ដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើ រយ:ពេល១ខែ ទើបគេស្រង់យកចំនួនគីឡូអគ្គិសនីដែលបានផ្តល់នោះ យកទៅធ្វើវិក្កយបត្រគិតប្រាក់។ ដូច្នេះ ទាំងចំនួនទឹកប្រាក់ និងទាំងចំនួនគីឡូវ៉ាត់ម៉ោងអគ្គិសនីត្រឹមត្រូវឬមិនត្រឹមត្រូវ គឺឋិតនៅលើការវាស់វែង និងកត់ត្រារបស់នាឡិកាស្ទង់វាស់នោះ ត្រឹមត្រូវឬទេ?
អាជ្ញាធរអគ្គិសនីកម្ពុជាបន្តថា សូមកុំយល់ច្រឡំថា ឲ្យតែឧបករណ៍ប្រើអគ្គិសនីរបស់ខ្លួននៅដដែល ចំនួនគីឡូអគ្គិសនីដែលខ្លួនប្រើតាមខែ ត្រូវតែនៅដដែលនោះទេ ។ ចំនួនគីឡូវ៉ាត់ម៉ោង ដែលអ្នកប្រើប្រាស់ ទោះជាឧបករណ៍ប្រើប្រាស់នៅដដែលក៏ដោយ ឬទោះជាសមាជិកគ្រួសារតិច ឬច្រើនក៏ដោយ ក៏វាប្រែប្រួលទៅតាមរយៈពេល និងលក្ខខណ្ឌដែលឧបករណ៍នីមួយៗបើកប្រើ។ ដូច្នេះ ចង់ឲ្យគីឡូចុះតិចត្រូវបើកឧបករណ៍នីមួយៗឲ្យរយៈពេលតិចជាងមុន និងត្រូវចងចាំថាឧបករណ៍ណាមួយក៏ដោយក៏អាចធ្វើឲ្យឡើងគីឡូអគ្គិសនីដែរ បើបើកវាប្រើ ។
អាជ្ញាធរអគ្គិសនីកម្ពុជាបន្ថែមថា ប្រសិនបើសង្ស័យថាជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយអាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្ដាលយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលថាតើវាដើរត្រឹមត្រូវទេ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ។
អាជ្ញាធរអគ្គិសនីកម្ពុជាថា ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាស្ទង់ណាដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងពីប្រទេសណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក។ល។
លើសពីនេះ អាជ្ញាធរអគ្គិសនីកម្ពុជាថា រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិកាស្ទង់នោះ វាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាស្ទង់ចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់សាកមើលទាំងអស់គ្នា ថាតើនាឡិកាស្ទង់ចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាស្ទង់ ដែលអ្នកសង្ស័យទិញមកនោះទេ។ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម។
ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិចដោយមិនសំអាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្ដាលពិតជាមិនអាចធ្វើជូនបានទេ ពីព្រោះការទិញលក់អគ្គិសនីត្រូវតែឈរលើមូលដ្ឋាន នៃជញ្ជីងវាស់អគ្គិសនី មិនអាចសំអាងលើការប្រៀបធៀបថាគីឡូខែនេះតិច ឬច្រើននោះទេ។
ចាប់តាំងពីខែមីនា បន្តរហូតដល់ចុងខែមេសានេះ ភ្លើងអគ្គិសនី នៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ ដាច់ព្រឹកល្ងាចៗ រាល់ថ្ងៃ ហើយតំបន់ខ្លះ ភ្លើងអគ្គិសនី ដាច់នៅពេលយប់ថែមទៀត ប៉ុន្តែពលរដ្ឋខ្លះរអ៊ូថា ដល់ពេលចេញវិក័យបត្រ គិតលុយប្រចាំខែ បែរជាគីឡូភ្លើងអគ្គិសនីតាមផ្ទះជាច្រើន ឡើង ១ ជា ២ ទៅវិញ។ បញ្ហានេះ នាំឲ្យមហាជនបង្ហោះតាមហ្វេសប៊ុករអ៊ូរទាំ និងសួរជាចំហរទៅកាន់អគ្គិសនីកម្ពុជា EDC៕