
បើតាមដំណឹងដែលសារព័ត៌មាន The Plus News ទទួលបានខណៈមុននេះ បានឱ្យដឹងថា មជ្ឈមណ្ឌលបុប្ផាណាពិតជាមានសេចក្ដីរំភើបរីករាយជាខ្លាំង ដែលស្ថាបនិករបស់យើង គឺលោក ប៉ាន់ រិទ្ធី (Rithy Panh) ត្រូវបានជ្រើសរើសជាប្រធានគណៈមេប្រយោគសម្រាប់ពានរង្វាន់ “កាមេរ៉ាមាស” (la Caméra d’or) នៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន លើកទី ៧២ ឆ្នាំ ២០១៩។
លោក ប៉ាន់ រិទ្ធី ត្រូវបានគេស្គាល់ថាជាសមិទ្ធិករភាពយន្តកម្ពុជា បារាំង ដ៏ល្បីល្បាញ ដែលស្នាដៃរបស់លោកជាច្រើនត្រូវបានទទួលស្គាល់ពីបណ្ដាមហោស្រពភាពយន្តអន្តរជាតិនានា ពិសេសបំផុតនោះ គឺភាពយន្តរឿង “កង្វះរូបភាព” ដែលបានជាប់ក្នុងជម្រើសចុងក្រោយនៃការប្រកួតដណ្ដើមយកពានរង្វាន់អូស្ការ កាលពីឆ្នាំ ២០១៣។ លោកក៏ជាស្ថាបនិកដ៏សំខាន់មួយរូប ដែលបានបង្កើតមជ្ឈមណ្ឌលបុប្ផាណា ជាលើកដំបូងក្នុងឆ្នាំ ២០០៦ ។
សូមជម្រាបថា លោក រិទ្ធី ប៉ាន់ ជាផលិតករជើងចាស់ ម្នាក់ដែលស្នាដៃរបស់លោករៀបរាប់ពីកម្ពុជានីមួយៗតែងតែមានឱកាសបង្ហាញវត្តមានតាមបណ្ដាមហោស្រពភាពយន្តអន្តរជាតិ។ ភាពយន្តទាំងអស់នោះមានដូចជារឿង Rice People ឆ្នាំ ១៩៩៤, រឿង «S-21: The Khmer Rouge Killing Machine » ឆ្នាំ ២០០៣ រឿង «The Missing Picture» ដែលជាប់ការជ្រើសរើសប្រកួតក្នុងកម្មវិធីមហោស្រពភាពយន្ត និងពានរង្វាន់ Oscar កាលពីឆ្នាំ ២០១៣ និងរឿង Graves Without a Name ២០១៨ ។ ពិសេសបំផុតគឺរឿងខ្នាតធំរបស់ Holywood រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាមួយអ្នកស្រី Angelina Julie និងមានខ្សែភាពយន្តបរទេសមួយចំនួនទៀតដែលជាស្នាដៃរួមផលិត ឬផ្តល់ប្រឹក្សាពេលថតនៅប្រទេសកម្ពុជាដោយលោកផ្ទាល់។