
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។
កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គម ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។
កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកា ប្រមាណ ១២,០៦១ លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិន ទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។
“ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ” ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ កំណត់ឲ្យក្រុមហ៊ុនជួសជុល និងសាងសង់កំណាត់ផ្លូវ ជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ពិនិត្យនិងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋ មន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានា គុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”៕