ក្រសួងសុខាភិបាល ហាមអ្នកប្រើប្រាស់ទិញផលិតពី Page លក់ Online មួយ បើមិនចង់មានគ្រោះថា្នក់ដល់ជីវិត

រាជធានី​ភ្នំពេញ៖ កាលពីដើម​សប្ដាហ៍ នេះ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្ដីប្រកាស ហាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លក់​ផលិតផល ឈ្មោះ Lady Beauty Online Shop ឲ្យ​បញ្ឈប់​ការផ្សព្វផ្សាយ និង​លក់ ខណៈ​ផេ​ក​នេះ​លក់​ផលិតផល​ឱសថ​គ្មាន​ចុះបញ្ជី​ការ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល។

យោងតាម​សេចក្ដីប្រកាស​ចុះ​កាលពី​ថ្ងៃ​ចន្ទ ទី ១០ ខែមិថុនា ឆ្នាំ ២០១៩  ក្រសួងសុខាភិបាល ផេ​ក​ខាងលើ​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ជាច្រើន​មុខ ដែល​គ្មាន​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ដូចជា​ប្រភេទ​ថ្មាំ៖ Boom Up, Detoxic, Hair Growth Pro, Expert White Pro និង​ឱសថ​ដទៃ​ជាច្រើន​ទៀត។

តាមរយៈ​សេចក្ដីប្រកាស​នេះ ក្រសួង​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​មិនគួរ​ទិញ ឬ​ប្រើប្រាស់​ផលិតផល​ទាំង​នោះទេ ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​អាយុជីវិត​បាន។ ជាមួយគ្នានេះ ក្រសួង​ក៏​សុំ​ឲ្យ​ពលរដ្ឋ​ទាំង​ទំនាក់ទំនង​មកកាន់​ក្រសួង​ប្រសិនបើ​ឃើញ​មាន​មាន​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​ខាងលើ​ទីផ្សារ តាមរយៈ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៕