រញ្ជួយដីកម្រិត 6.8 រិកទ័រ ស្ថានឯកអគ្គរាជទូតខ្មែរ នៅជប៉ុន ប្រកាសលេខទូរស័ព្ទឲ្យទាក់ទង ករណីត្រូវការជំនួយបន្ទាន់

ប្រទេសជប៉ុន៖ ក្រោយមានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ 6.8 រិកទ័រ បាន​បង្ក​ឲ្យ​លំនៅ​ដ្ឋាន និងមនុស្សជាច្រើនរង់គ្រោះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បានចេញសេចក្ដីប្រកាសភ្លាមៗ បងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរ ដែល​កំពុង​មាន​វត្តមាន នៅប្រទេសជប៉ុន មានការប្រុងប្រយ័ត្ន ខណៈគ្រោះថ្នាក់នេះ ​អាចបង្កជា​រលក​យក្ស​ស៊ូណាមិ ចំពោះតំបន់ឆ្នេរ នៃខេត្ត Yamagata, Niigata និង Ishikawa ។

ជាមួយនឹងសេចក្ដីប្រកាសនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំប្រទេស​ជប៉ុន​ស្ថាន​ទូត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់មេត្តាឋិត​នៅ​ឲ្យ​ឆ្ងាយពីតំបន់មាត់សមុទ្រនៃខេត្តទាំងបីខាងលើនេះ។ ក្នុងករណីមាន​បងប្អូន មាន​ព័ត៌មាន​អំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់​នោះ​ ទទួល​រង​ផល​ប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
– ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
– ទូរស័ព្ទលេខ 080 4689 9374 ឬ 080 3459 7889

គួរ​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក៏​បាន​បណ្ដាល​ឲ្យ​ផ្ទះ​សម្បែង​ជាង 5 ​ពាន់​ខ្នង​ដាច់​ភ្លើង​ក្នុង​អាណាខេត្ត Yamagata ខណៈ 2,800 ​ខ្នង​ទៀត​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​ខេត្ត Niigata នៅ​ម៉ោង 11:50នាទីយប់ ហើយ​ផ្លូវ​ហាយវ៉េ និង​ផ្លូវ​ជា​ច្រើន ក៏​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ដោយ​សារ​ថ្ម​ធ្លាក់​មក​លើ​ផង​ដែរ៕