ជប៉ុន ប្រគល់រថយន្តក្រុងចំនួន ៨០ គ្រឿង និងបរិក្ខាបច្ចេកទេសជាច្រើនទៀត ដល់កម្ពុជា ខណៈប្រទេសខ្លួនកំពុងជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ប្រទេសជប៉ុន នៅតែបន្តឧបត្ថម និង​ជួយ​កម្ពុជា ខណៈខ្លូនកំពុងជួបគ្រោះថ្នាក់ធម្មជាតិរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦.៨ រិកទ័រ។

តាមការបង្ហោះក្នុងហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រឹកមិញនេះ ស្ថាន​ទូត​​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចូលរួមសម្ពោធ​ស្ថានីយ៍ចំណត​រថយន្ដ​ក្រុង ( Bus Depot ) អគារទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ និង​​ប្រគល់​រថយន្ត​ក្រុង​ចំនួន ​៨០គ្រឿង ព្រមទាំងបរិក្ខា​បច្ចេកទេស​ជាច្រើនទៀត ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ស្ថិតនៅ​ភូមិព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។

ជំនួយរបស់ជប៉ុនមួយនេះ ត្រូវបានមហាជនមើលឃើញថា ជាជំនួយដ៏តម្លៃបំផុត ដើម្បីអភិវឌ្ឍន៍​កម្ពុជា ហើយអ្វីដែលគួរឲ្យរំភើបទៀតនោះ ស្របពេលដែលជប៉ុនកំពុងជួបគ្រោះធម្មជាតិ ប៉ុន្តែជប៉ុន មិនមានបង្អាក់ ឬពន្យាលនោះទេ៕