តើលោក ញ៉ុក ថែម ជានរណា ហើយមានស្នាដៃអ្វីបន្សល់ទុកសម្រាប់សង្គមខ្មែរបច្ចុប្បន្ន?

រាជធានី​ភ្នំពេញ៖ បើ​យើង​លើក​និយាយ​អំពី​ឈ្មោះ ញ៉ុ​ក ថែម ប្រិយមិត្ត​មួយចំនួន​ប្រហែលជា​អាច​នឹង​ឃើញ​ដល់​រឿង​ប្រលោមលោក​ខ្មែរ​ជាច្រើន ជាពិសេស​តួ​អ្គ​ចៅ​ចិត្រ ក្នុង រឿង​កុលាប​ប៉ៃលិន។ លោកជាកវីអ្នកនិពន្ធ​ដ៏​ល្អ​កាលពី​ជំនាន់​ដើម​ដោយ​លោក​បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន តាម​រឿង​ប្រលោមលោក ដែលយើងបាន​សិក្សា​រៀន​សូត្រកា​ល​ពី​ក្មេង។

លោក ញ៉ុ​ក ថែម  កើត​នៅ​ថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង។ បិតា​លោក ឈ្មោះ ញុំ រីឯ​មាតា ឈ្មោះ ហៀក ជា​ជាតិខ្មែរ ហើយ​ជា​កសិករ​នៅ​ភូមិ​អូ​តា​គី ឃុំ​ជ្រៃ​ស្រុក ខេត្តបាត់ដំបង ហើយថ្ងៃស្អែកនេះដែរ ជាខួបគម្រប់ ១១៦ ឆ្នាំរបស់លោកផងដែរ។

កុមារភាព និងការសិក្សា

កាលពី​កុមារភាព គឺ​ក្នុង​ឆ្នាំ១៩១៣ លោក​បាន​ទៅ​រៀន​នៅ​វត្ត​ពោធិ​វង្ស ស្រុក​សង្កែ ខេត្តបាត់ដំបង។ លោក​បាន​សិក្សា​អក្សរ​ជាតិ ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​សន ហើយ​បាន​សិក្សា​ធម៌​វិន័យ ក្នុង​សំណាក់​លោកគ្រូ​សូត្រ អ៊ីវ ទូច នៅ​វត្ត​ពោធិ​វង្ស។

នៅ​ឆ្នាំ ១៩១៨ លោក​មាន​បព្វជ្ជា (បួស) ជា​សាមណេរ។ ក្នុងឋានៈ​ជា​សាមណេរ​នេះ លោក​បាន​សិក្សា​ធម៌​វិន័យ និង​ភាសាបាលី ក្នុង​សំណាក់​លោកគ្រូ​អាចារ្យផ្សេងៗ នៅ​ខេត្តបាត់ដំបង ។ លោក​ក៏បាន​ទៅ​សិក្សា​នៅ​បរទេស​ដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្ម​សិក្សា​ជាន់ត្រី នៅ​កំឡុង​ឆ្នាំ ១៩២១ និង​ជាប់​សញ្ញាប័ត្រ​ធម្ម​សិក្សា​ជាន់​ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅ​ឆ្នាំ ១៩២៤ លោក​បាន​ឧបសម្ប័ទ​ជា​ភិក្ខុ ហើយ​នៅក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសាបាលី ទី​មហា ៣ ប្រយោគ ។ ពីរ​ឆ្នាំ​ក្រោយមក គឺ​ឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទី​មហា ៤ ប្រយោគ ហើយពីរ​ឆ្នាំ​តម​កទៀត(១៩២៨) លោក​ជាប់​ទី​មហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោក​បាន​ជាប់​ទី​មហា ៦ ប្រយោគ នៅក្នុង​ឆ្នាំ១៩២៩ ។ សូមបញ្ជាក់ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសាបាលី មាន​សរុប​ទាំងអស់ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់បំផុត (ថ្នាក់បណ្ឌិត) ។ លោក​បាន លាចាក​សិក្ខាបទ​មកជា​គ្រហស្ថ នៅ​ឆ្នាំ ១៩៣៦ ។

ការងារ

ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏បាន​ធ្វើការ​នៅ​ទី​នោះដែរ ។ លោក​ធ្វើជា​គ្រូបង្រៀន​ភាសាបាលី នៅ​ទីក្រុង​បាងកក ចាប់ពី​គ.ស.១៩២៧ ទៅ​ទល់នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក កាន់ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើជា​សមាជិក​គណៈកម្មាកា​រ​ប្រ​ព្រះ​ត្រៃបិដក នៅ​ពុទ្ធសាស ន បណ្ឌិត្យ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា មានមុខ​ងារ​ជា​អ្នកចាត់ចែង បោះពុម្ពផ្សាយ​សៀវភៅផ្សេងៗ និង​ទស្សនាវដ្ដី​កម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះ​ន​រោ​ត្ដម​សុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាងផ្សេងៗទៀត លោក​បាន​ទៅ​រៀបចំ​កម្មវិធីសិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀង​ច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសន​បណ្ឌិត្យ​ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម​ភាគខាងត្បូង និង​ឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធីសិក្សា សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់​សេ ប្រទេស​លាវ ។

លោក​ញ៉ុ​ក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃ​សាលា​គរុវិជ្ជា​នៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ទៀតផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លាឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ ចូលមក​បម្រើ​ក្រសួង​សិក្សាធិការ​ជាតិ ក្រោយ​ពេលដែល​បារាំង​ផ្ទេរ​វិទ្យាល័យ​ស៊ីសុវត្ថិ មកជា​សម្បត្តិ​ជាតិ ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូតមក ។ ប្រាំ​មួយឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យ​មុនី​វង្ស នា​ក្រុង​បាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅធ្វើ​ការ​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ នា​ក្រុងភ្នំពេញ​វិញ ក្នុងឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ។

ស្នាដៃ

កាល​លោក​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ថៃ លោក​បាន​និពន្ធ​សៀវភៅ​ជា​ភាសា​ថៃ ឬ​បាលី​ថៃ។ ស្នាដៃ​ទាំងនោះ មាន​ជាអាទិ៖ ន​មោក​ថា នានា​ជាតក វណ្ណនា ធម្មនិទ្ទេស​ភាគ១ ទេវតា​ភាសិត និង​ពុទ្ធភាសិត។

ក្រៅពីនេះ លោក​មាន​ស្នាដៃ​ជា​ភាសា​ខ្មែរ​យ៉ាងច្រើន​ដូចជា៖ ពុទ្ធប្បវត្តិ​សង្ខេប, អនុពុទ្ធ​ប្បវត្តិ ភាគ១-២, ប្រជុំ​ភាសិត ភាគ១-២, មហា​វេស្សន្ដរជាតក, ប្រជុំ​ពុទ្ធភាសិត, ជាតិ​សាសនា​ព្រះមហាក្សត្រ, រឿង​បិសាច​ស្នេហា (ប្រលោមលោក​បោះពុម្ព​ឆ្នាំ១៩៤២), រឿង​កុលាប​ប៉ៃលិន (ប្រលោមលោក​បោះពុម្ព​ក្នុង​ឆ្នាំ១៩៣៦ ឬ១៩៤៣), ឯក​សហ​រាត្រី (ភាគ​ខ្លះ ប្រែ), ចូឡ​វេទ​ល្ល​សូត្រ (ប្រែ), វិធី​ប្រតិបត្តិ​ធម៌, ពន្លឺ​អាស៊ី​ទ្វីប (ប្រែ) និងបញ្ញា​ស​ជាតក​សង្ខេប ភាគ១៕

ប្រភព៖ wikipedia