ព័ត៌មានបឋម៖ បាក់រលំអគារកម្ពស់៧ជាន់ទើបសង់ថ្មី សង្កត់មនុស្សស្លាប់៣នាក់ និងរបួសជិត១០នាក់ ខណៈកំពុងបន្តកាយរកជនរងគ្រោះនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានថ្លែងប្រាប់មុននេះបន្តិចថា គិតត្រឹមម៉ោង​៨៖២០​នាទី នៅ​ថ្ងៃទី២២ ខែមិថុនានេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ ៣នាក់ និងកម្មករ​ជិត​១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់​រលំនៅម៉ោ​ងជិត៥ព្រឹ​កថ្ងៃ​នេះ ខណៈអ្នកនាំពាក្យក្រសួងរៀបចំដែនដីបានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ។

លោក យន្ត មីន បញ្ជាក់ថា នៅពេលនេះក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន ២គ្រឿង និង​គ្រឿង​ចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។

លោកបន្ថែមថា​ អគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ថៅកែជនជាតិចិន ដែលបាន​ជួល​ដី​ទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ សាងសង់កម្ពស់ ៧ជាន់ សង់បានប្រហែល៨០ភាគរយ។

លោកបន្ថែមថា នៅកន្លែងកើតហេតុគេឃើញមានក្រុមសង្គ្រោះ៧១១ ដែលប្រចាំការនៅ​សាលា​សង្គ្រោះ​មិត្ត​ភាព​កម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៍បានចេញទៅជួយអន្តរគមន៍ស្វែងរកជនរងគ្រោះ​ផងដែរ។

ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សំដីអ្នកនាំពាក្យក្រសួងរៀបចំដែនដីបានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញា​ធរ​ជំនាញ​ហាមឃាត់មិនឲ្យ​​សាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបានថ្លែងថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពីលិខិតអនុញ្ញាត និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមាន​វិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គួរបញ្ជាក់ថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់​រលំ​អ​គារ​កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយ​មនុ​ស្សជា​ច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ ប៉ុន្ដែអាជ្ញាធរ និងក្រុមអ្នកជួយ​សង្រ្គោះកំពុងបន្តរុករក និងកាយយកជនរងគ្រោះដែលកំពុងជាប់ក្នុងអគារ៧ជាន់នេះ៕