
ខេត្តព្រះសីហនុ៖ ករណីបាក់រលំអគារកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាថ្ងៃទី ២២មិថុនានេះ បានកើនអ្នកស្លាប់រហូតដល់ចំនួន ៧នាក់ និងអ្នករងរបួសចំនួន ២១នាក់ ខណៈសមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុ បានចេញ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «រហូតមកទល់នឹងម៉ោង ១៤រសៀលនេះ បានបណ្តាលឲ្យមនុស្សចំនួន ៧នាក់ ស្លាប់ (ស្រ្តីម្នាក់ និងរបួសចំនួន ២១នាក់។ ក្រុមការងារសង្គ្រោះបន្ទាន់របស់រដ្ឋបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីភាគីពាក់ ព័ន្ធនានាបាននិងកំពុងបន្តការជួយសង្គ្រោះជនរងគ្រោះបន្តទៀត ដែលកំពុងតែជាប់នៅក្នុងអគារដួលរលំនេះ។
រដ្ឋបាលខេត្ពព្រះសីហនុ និងក្រុមគ្រូពេទ្យជំនាញបាននិងកំពុងផ្តល់នូវការព្យាបាល ចំពោះអ្នករងរបួស និងចាត់ចែងគាំទ្រចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកា បន្ថែម ៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រួសារសព ដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ត្រូវបានសារព័ត៌មាន Fresh News បានដកស្រង់សំដីថា សំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឲ្យសាងសង់ចំនួន ២ដងរួចហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។
អ្នកនាំពាក្យរូបនេះថ្លែងថា អាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពីលិខិតអនុញ្ញាត និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំណែក រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ករណីបាក់រលំអគារដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់នេះ ជាសំណង់អគារមានទំហំទទឹង ១៥ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ៧០ ទៅ៨០ភាគរយ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា «បច្ចុប្បន្នថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន ៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់»។
អាជ្ញាធរខេត្តថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរ៕