សម្ដេចសម្រេចដកអភិបាលខេត្តព្រះសីហនុ ជំនួសដោយ ឯកឧត្តម គួច ចំរើន

ខេត្ត​ព្រះសីហនុ: សម្ដេចនាយក​មន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​សុំលាលែង​ពី​តំណែង​ហើយ ដោយ​សម្រេច​តែងតាំង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ដាក់ជំនួស​វិញ បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់​មួយ កាលពី​ថ្ងៃទី ២២មិថុនា​នេះ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២៥នាក់ បាន​ស្លាប់ និង២៤នាក់​ផ្សេងទៀត​បាន​រងរបួស។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​មុននេះ​បន្ដិច​ថា៖ ក្នុងពេល​បំពេ​ញ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ​បានទទួល​ស្គាល់​កំហុស​លើការគ្រប់​គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួនដែល​បណ្តាលអោយ​មានរឿង​ឈឺចាប់កើតឡើង។ គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បីលាលែង​ចេញពី​អភិ​បា​លខេត្ត​ព្រះសីហនុ។

សម្ដេច​បញ្ជាក់ថា៖«ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង​និងបាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុវិញ។ ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ក៏ឯក​ឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំយុទ្ធនា​ការរុករក​និង​សង្គ្រោះ​តទៅទៀតរហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់តំ​ណែ​ង»។

សម្ដេច​បញ្ជាក់​បន្ថែមថា៖«ខ្ញុំ​ក៏​សូមបញ្ជាក់ថា​ថ្ងៃនេះ​ខ្ញុំ​បានសម្រេចចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេ​សរដ្ឋមន្ត្រី​និង​ជា​អនុប្រធានទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ភូតភរ»។

គួររំលឹកថា ក្រុម​ប្រតិបត្តិការ​សង្គ្រោះបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង៩ និង១៧នាទី ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩​នេះ ចំនួន​អ្នកស្លាប់​កើន​ដល់២៥នាក់ និង​អ្នករបួស២៤នាក់ ក្រោយ​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​បុរស​ម្នាក់​ទៀត នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ។

ហេតុការណ៍​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន៤៩នាក់ ក្នុងនោះ​ស្លាប់​​ចំនួន២៥នាក់ (ស្រី៤នាក់) ហើយ​អ្នករងរបួស​ចំនួន២៤រូប (ស្រី២នាក់)។ ក្រុម​សង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែង​រក​មនុស្ស ដែល​សង្ស័យថា អាចមាន​នៅក្នុង​គំនរ​អគារ​ដួលរលំ​នេះ​បន្តទៀត៕