
ខេត្តព្រះសីហនុ: រហូតមកដល់ពេលនេះ សរុបជនរងគ្រោះដែលបានយកចេញពីគំនរបាក់បែកនៃអគារបាក់រលំមានចំនួនសរុប ៥៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ២៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន ២៦នាក់ (ស្រី២នាក់) ខណៈចៅហ្វាយខេត្តព្រះសីហនុស្នើសុំលាលែងពីតំណែង។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញលទ្ធផលចុងក្រោយសម្រាប់ថ្ងៃទី ២៤មិថុនានេះថា មកដល់វេលាម៉ោង ៥:៣០នាទីរសៀល ថ្ងៃទី២៤មិថុនាឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះបានរុករកឃើញជនរងគ្រោះបន្ថែមចំនួន ៤នាក់ទៀត ដែលក្នុងនោះមាន ២នាក់នៅរស់រានមានជីវិត។ មកទាល់ពេលនេះ គំនរបាក់បែកនៃអគារ ត្រូវបានកាយចេញអស់ប្រមាណជា ៨៥ភាគរយហើយ។
រដ្ឋបាលខេត្តព្រះសីហនុបន្តថា ដូចនេះ សរុបជនរងគ្រោះដែលបានយកចេញពីគំនរបាក់បែកនៃអគារបាក់រលំមានចំនួនសរុប ៥៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ២៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន ២៦នាក់ (ស្រី២នាក់)«ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន ២៤សពហើយ។ សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះរបស់កម្លាំងសរុបនៃរដ្ឋបាលខេត្តនៅតែបន្តសង្គ្រោះរហូតដល់យកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែកនេះ»។
ក្រោយពីមានហេតុការណ៍ដ៏រន្ធត់នេះ បានល្បីពេញប្រទេស និងពិភពលោក ដោយមានការរិះគន់មន្ត្រីពាក់ព័ន្ធ ជាពិសេសលោក យន្ត មីន ត្រូវបានគេស្នើលាលែង ឬបញ្ឈប់ពីតំណែងអភិបាលខេត្តព្រះសីហនុ។ ខណៈសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះបញ្ជាផ្ទាល់ទៅក្រុមមន្ត្រីរុករក និងជួយសង្គ្រោះជនរងគ្រោះដែលជាប់ក្នុងគំនរអគារនោះ ស្រាប់តែលោក យន្ត មីន បានស្នើសម្ដេច ហ៊ុន សែន ចុះចេញពីតំណែងអភិបាលខេត្តតែម្ដង។
បន្ទាប់មក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចថា ក្នុងពេលដែលសម្ដេចបានមកបំពេញការងារនៅខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។
សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរទៀតថា៖«គាត់ (យន្ត មីន) បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមឲ្យគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ»។
ប៉ុន្តែសម្ដេចបានបញ្ជាក់ថា ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្គ្រោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មី លោក គួច ចំរើន ចូលកាន់តំណែង។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានធ្វើសេចក្តីសម្រេចផងដែរថា៖ «ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»។
ខណៈដែលមានការដក និងផ្លាស់ប្ដូរមុខតំណែងនេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលិខិតយោបល់ពីសម្តេច ហ៊ុន សែន លើការផ្គូរផ្គងបេក្ខភាពអភិបាលខេត្តមួយចំនួន។ សម្តេច ស ខេង បានវាយតម្លៃពីបេក្ខភាពលោក គួច ចំរើន សម្រាប់តំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមានរបស់លោក គួច ចំរើន កាលពីពេលដែលលោកនៅជាអភិបាលខណ្ឌមានជ័យ ខណ្ឌដួនពេញ និងខេត្តកំពង់ចាម។
រីឯតំណែងអភិបាលខេត្តកំពង់ចាម សម្តេច ស ខេង បានមើលឃើញពីបេក្ខភាពរបស់លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បានមើលឃើញពីតួនាទីដ៏សក្តិសមរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាលខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាលស្រុកកំចាយមារជិត១០ឆ្នាំ។
គួរបញ្ជាក់ថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមនុស្សជាច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ ប៉ុន្ដែអាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះកំពុងបន្តរុករក និងកាយយកជនរងគ្រោះដែលកំពុងជាប់ក្នុងអគារ ៧ជាន់នេះ៕