សម្តេច ស ខេង៖ ការរៀបចំស្លាកយីហោនានា ត្រូវតែដាក់អក្សរខ្មែរពីលើ ទើបដាក់អក្សរបរទេសខាងក្រោម

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង នៅថ្ងៃទី ២៩មិថុនានេះ បានដាក់​កំហិ​ត និងដាស់តឿនមន្រ្តីដឹកនាំខេត្តព្រះសីហនុឲ្យថែរក្សាអត្តសញ្ញាណជាតិ ក្នុងអំឡុងពេល​ការអភិវឌ្ឍ​ខេត្ត​មួយ​នេះ តាមរយៈ​ការរៀបចំស្លាកសញ្ញា ស្លាកយីហោនានា ត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេស​​ដាក់​ពីខា​ង​ក្រោម។

ការក្រើនរំលឹកនេះ ខណៈសម្តេច ស ខេង បានធ្វើឡើងក្នុងឱកាសដែលអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិ​បា​លខេត្តព្រះសីហនុ ពីលោក យន្ត មីន មកលោក គួច ចំរើន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

សម្តេច ស ខេង បានថ្លែងថា៖ ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឲ្យ​បានដាច់ខាតនូវអត្តសញ្ញាណជាតិ ដើម្បីឲ្យ​អ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅផ្លាកសញ្ញានានា យើងបានកែសម្រួល តែសុំឲ្យ​បន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម។

​ការក្រើនរំឭកផងដែរ បន្ទាប់សម្ដេចបានឃើញកន្លងមកធ្លាប់មានការប្រតិកម្មយ៉ាងច្រើនចំពោះការលើកស្លាកសញ្ញានានានៅក្នុងខេត្តព្រះសីហនុ ដែលភាគបង្ហាញអក្សរចិនពីលើ ហើយពេលខ្លះសរសេរអក្សរខ្មែរខុសឆ្គងជាច្រើនផងដែរ។ ក្រៅពីស្លាកសញ្ញានៅតាមបញ្ជីមុខម្ហូបនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានជាដើម ភាគច្រើនប្រើតែអក្សរបរទេសដោយមិនរំលេចអក្សរខ្មែរផងដែរ។

ក្រោយពីមានការប្រតិកម្មខ្លាំងពីមហាជននោះ អាជ្ញាធរបានចុះចាត់វិធានការ និងមានកែសម្រួលជាច្រើនរួចហើយ៕