ល្អណាស់ ឯកឧត្តម គួច ចំរើន ប្តេជ្ញាពិនិត្យស្តង់ដារសុវត្ថិភាពសំណង់ និងធ្វើឱ្យ​ឆ្នេរ​កំពង់​សោម ​ស្រស់​ស្អាត​ឡើង​វិញ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែង​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្ដេជ្ញាត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ

តាម​បទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រួ​តពិនិត្យលក្ខណៈសម្បត្តិរបស់ក្រមទទួលម៉ៅការសាងសង់ បន្ទាប់ពីដួលរលំអគារកម្ពស់ ៧ជាន់មួយ។

ការថ្លែងនេះ ក្រោមអធិបតីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសឡើងកាន់​តំណែង ដោយលោក គួច ចំរើន បានថ្លែងប្តេជ្ញាក្នុងការ​បំពេញ​ភារកិច្ច​ក​សា​ងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរតបតាមការ ចង់បាន និងកំពុងសម្លឹង​មើលពី​គ្រ​ប់​មជ្ឈដ្ឋានលើទឹកដីខេត្តទេសចរណ៍ដ៏ស្មុគស្មាញមួយនេះ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា លោកប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោល​ការ​ណ៍​ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព​ខ្ព​ស់។

លោកបន្ថែមថា លោកនឹងចូលរួមសហប្រត្តិការអនុវត្ត សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យគុ​ណភាពសំណង់ នៅខេត្តព្រះសីហនុសំដៅត្រតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រមទទួលម៉ៅការសាងសង់។

ឯកឧត្តម ចំរើន ថា នឹងដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​​បាន​ល្អ​ប្រសើរ។ សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លើសពីនេះ ត្រៀម​កម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេ​ងៗ ដែលអាច​កើត​មាន​ឡើង​ជាយថាហេតុ។

អភិបាលខេត្តថ្មីរូបនេះ សន្យាបន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំង​ថ្នាក់​ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រ​ជា​ជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ «ពង្រឹង​ការ​អនុ​វត្តច្បាប់ គ្មានការលើកលែង»។

លោកនឹងយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំ​កែលំអរសោ​ភ័ណ​ភាព​ទីក្រុង​ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានា​បាន​នូវបរិស្ថានល្អ ប្រ​កប​ដោយ​សក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខ​មាល​ភាព​ជូន​ប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព និងបរិយាប័ន្ន។

ការដោះដូរអភិបាលខេត្តព្រះសីហនុថ្មីនេះ បន្ទាប់ពីមានករណីដួលរលំអគារកម្ពស់ ៧ជាន់មួយ បណ្ដាលឲ្យ​មនុ​ស្ស​​ស្លាប់ និងរបួសជាច្រើននាក់។ ក្នុងនោះ អភិបាលខេត្តព្រះវិហារនឹងបានមក​កាន់តំណែងជាអភិបាល​ខេត្ត​កំពង់​ចាម ហើយអភិបាលរងខេត្តស្វាយរៀង បានមកកាន់តំណែងជាអភិបាលខេត្តព្រះវិហារ រីឯលោក យន្ត មីន អតីត​អភិ​បាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យឡើងផ្កាយ៤ និងកាន់តំណែង​ជារ​ដ្ឋលេ​ខាធិ​ការ​ក្រ​សួ​ងការពារជាតិ៕