អ្នកគូររូបថ្លុកកាណាដាម្នាក់ត្រូវគេបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីគូររូបថ្លុក ពីលោក ដូណាល់ត្រាំ

អ្នក​គូររូប​ថ្លុក​ដ៏​ល្បី​សញ្ជាតិ​កាណាដា​ម្នាក់ ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារភ្លាមៗ បន្ទាប់ពី​រូបគាត់​បាន​គូរ និង​បង្ហោះ​រូប​ថ្លុក​មួយបែប​ចម្អក​ទៅដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កំពុង​ឈរ​នៅក្បែរ​សាកសព​ជន​ចំណាកស្រុក​ពីរ​នាក់​ឪពុក​កូន។

រូប​ថ្លុក​មួយ​សន្លឹក​នោះ ត្រូវបាន​លោក Michael de Adder បង្ហោះ​ចូលទៅក្នុង​គណនី Twitter ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ ហើយ​វា​ត្រូវបាន​គេ​ចែកចាយ​ពេញ​ពិភព​អ៊ី​ន​ធើ​ណេ​ត និង​ត្រូវបាន​ចុះផ្សាយ​ដោយ ក្រុមហ៊ុន​កាសែត Brunswick News Inc. នៅក្នុង​ខេត្ត New Brunswick នៃ​ប្រទេស​កាណាដា។

ក្រោយ​បាន​ប៉ុន្មាន​ថ្ងៃ លោក Adder ត្រូវបាន​ក្រុមហ៊ុន​ដែល​គាត់​ធ្វើ​បញ្ចប់​កុងត្រា​មុនពេល​កំណត់ ក្រោម​ហេតុផល​មិន​ច្បាស់លាស់ ដោយ​ថា​វា​មិនមែន​ព្រោះតែ​រូប​ថ្លុក​នោះទេ។ សម្រាប់​រូប​ថ្លុក​នោះ ត្រូវបាន​លោក Michael de Adder បង្ហាញ​ពី​លោក ត្រាំ កំពុង​ឈរ​នៅក្បែរ​ឡាន​កូន​ហ្គោល ជាមួយនឹង​ដង​វាយ​កូន​ហ្គោល​របស់គាត់​នៅក្នុង​ដៃ ខណៈដែល​កំពុង​សម្លឹង​មើលទៅ​ក្រោម​ទៅលើ​សាកសព​ឪពុក និង​កូនស្រី ដែល​បាន​លង់ទឹក​ស្លាប់ ខណៈ​ព្យាយាម​ឆ្លងកាត់​ទន្លេ Rio Grande ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចូលទៅ​កាន់​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក អម​ជាមួយ​ឃ្លា “Do You Mind If I Play Through?”  ដែល​មានន័យថា “តើ​អ្នក​ប្រកាន់​ទេ ប្រសិនបើ​ខ្ញុំ​លេង​កាត់​ទីនេះ?”៕

ប្រភព៖ CNN