
បច្ចុប្បន្នកម្មវិធី App ហៅតាក់ស៊ីកង់បីកំពុងតែពេញនិយមលើទីផ្សារប្រទេសកម្ពុជា នាំអោយកំណើនអ្នករត់កង់បីឥណ្ឌាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏សម្រួលភាពងាយជូនដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិជាប្រចាំថ្ងៃ ជាមួយសេវាដឹកអ្នកដំណើរយ៉ាងឆាប់រហ័ស។
ជាធម្មតាតម្លៃ ក្រុមហ៊ុន PassApp និង Grab មួយគីឡូត្រឹមតែ ១,២០០រៀលប៉ុណ្ណោះ។ ខណៈដែលក្រុមហ៊ុន Grab ចូលទីផ្សារក្រោយ PassApp ធ្វើឲ្យតម្លៃទីផ្សារ App ហៅកង់បីឥណ្ឌាធ្លាក់ចុះថោកជារៀងរាល់ថ្ងៃ ដោយធ្វើការបញ្ចុះតម្លៃជូនអតិថិជនរបស់ខ្លួន តិចបំផុតពី២០ភាគរយ ឡើងដល់១០០ភាគរយ។ ដូច្នេះក្រុមហ៊ុន Grab ទាក់ទាញភ្ញៀវធ្វើដំណើរតាមរយៈApp របស់ខ្លួន កើនឡើងជាលំដាប់ ហើយថែមទាំងផ្ដល់ជាប្រាក់លើកទឹកចិត្តជូនអ្នករត់កង់បីជារឿយៗតាមរយៈ ការដឹកអ្នកដំណើរឲ្យបានច្រើនជើង។
ប៉ុន្តែមួយរយៈពេលចុងក្រោយនេះដោយមានការប្រកួតប្រជែងតម្លៃរបស់ក្រុមហ៊ុន PassApp និង Grab បានធ្វើឲ្យអ្នករត់កង់បីឥណ្ឌាជាច្រើន មិនពេញចិត្តក្នុងការបញ្ចុះតម្លៃរបស់ក្រុមហ៊ុន PassApp ជូនអតិថិជនរបស់ខ្លួនពី១០ភាគរយ ទៅ១៥ភាគរយ ដោយមិនរក្សាតម្លៃដើមជូនអ្នករត់កង់បីឥណ្ឌាត្រឹម ១,២០០ រៀល វិញឡើយ ជួនកាលមិនបានផ្តល់ដំណឹងណាមួយច្បាស់លាស់ជូនដល់អ្នករត់កង់បីតាម App របស់ខ្លួនឲ្យបានត្រឹម និង លួចបញ្ចុះតម្លៃត្រឹម ១០០០រៀល ក្នុងមួយគីឡូក៏មានផងដែរ។
បើយោងតាមការបញ្ចេញមតិរបស់អ្នករត់កង់បីឥណ្ឌាជាច្រើនអ្នកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក គឺមិនពេញចិត្តឡើងចំពោះការបញ្ចុះតម្លៃរបស់ក្រុមហ៊ុន PassApp ធ្វើឲ្យអ្នករត់កង់បីឥណ្ឌាជាច្រើនបិទចោល ដោយសារចំណូលខ្លួនធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈដែលអ្នករត់កង់បីឥណ្ឌាមួយចំនួនបញ្ចេញមតិថា «សួរថា គិតម៉េចវិញក្រុមហ៊ុនអើយក្រុមហ៊ុនដឹកឆ្ងាយតែបានតិចមើលទៅបងប្អូនមិនដឹងសព្វថ្ងៃនិងក្រុមហ៊ុនគាត់យកមកគិតអីទេ16គីឡូសុំតែបានពីរម៉ឺនជាងប៉ុន្តែបានតែ 18.000 ទេគិតម៉េចបងប្អូនប្រហែលជាក្រុមហ៊ុនរាល់ថ្ងៃនេះគិតតែផលប្រយោជន៍ខ្លួនឯងទេមិនគិតដល់អ្នកដទៃឡើយទោះបីពួកយើងCommentអ្វីក៏ដោយក៏គេធ្វើមិនដឹង ដែរអញ្ចឹងមានតែវិធីម្យ៉ាងទេគឺបិទ passapp ហើយនិងក្រែបជាពិសេសគឺក្រេបហ្នឹងម៉ង »។
យ៉ាងណាមិញក្រុមហ៊ុន PassApp បច្ចុប្បន្នមិនមានដំណោះស្រាយណាមួយ សមរម្យជូនដល់អ្នករត់កង់បីឥណ្ឌាឡើយ ចំពោះតម្លៃប្រកួតប្រជែងគ្មានតម្លាភាព ជាពិសេសគិតតែប្រយោជន៍ក្រុមហ៊ុន និងអតិថិជន តែមិនគិតពីអ្នករកចំណូលជូនក្រុមហ៊ុន គឺ (អ្នករត់កង់បីឥណ្ឌា)៕ តើអ្នករត់កង់បីឥណ្ឌាយល់យ៉ាងណាដែរ?