ក្រសួងការងារ៖ កូរ៉េចង់បង្កើតមជ្ឈមណ្ឌលកែសម្ផស្ស កម្រិតស្ដងដារអន្តរជាតិនៅកម្ពុជា

រាជធានីភ្នំពេញ៖ សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង បានកំពុងមានចំណាប់អារម្មណ៍ចង់បង្កើត​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ការអប់រំ​ជំនាញ​កែ​សម្ផស្ស​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព។

តាមការប្រកាសឲ្យដឹងពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ ២០១៩ នេះបានបញ្ជាក់ថា សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង​បានបង្ហាញ​គោលបំណង​ចង់​បង្កើត «មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស» នៅ​កម្ពុជា ដើម្បី​ផ្ដល់​ការអប់រំ​បណ្ដុះបណ្ដាល​ជំនាញ​កែ​សម្ផស្ស​ដល់​យុវជន ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ពិសេស​គឺ​សុវត្ថិភាព​ដល់​អតិថិជន​នៅ​កម្ពុជា និង​ក្នុង​តំបន់​ផងដែរ។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​គណៈប្រតិភូ​សមា​គម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង ដឹកនាំ​ដោយ​លោក Harry Hwang នា​ព្រឹក​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅ​ទីស្ដីការក្រសួង។

លោក Lee Sung Yeob តំណាង​សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹងថា ការដែល​លោក​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​មក​បង្ហាញ​គោលបំណង​ចង់​វិនិយោគ​លើ​ការបង្កើត «មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស» ដោយសារតែ​លោក​បាន​មើលឃើញ​សក្ដានុពល​លើ​វិស័យ​សម្ផស្ស​នៅ​កម្ពុជា ​កំពុងមាន​ភាព​ផុសផុល ដែល​អាចបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​លើ​វិស័យនេះ។

លោក Lee បាន​អះអាងថា សមាគម​របស់លោក​បាន​និង​កំពុងដំណើរការ ប្រកបដោយ​ភាព​ជោគ​ជ័យ​​លើ​វិស័យ​កែ​សម្ផស្ស​នេះ​នៅ​ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​សមាគម​មាន​ស្ថាប័ន​ជា​សមាជិក​ជាច្រើន​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ដូចជា​កូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក​ជាដើម។ លោក Lee បាន​សុំ​ការអនុញ្ញាត​ពី​សំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​បង្កើតឲ្យមាន​គម្រោង​វិនិយោគ​ខាងលើនេះ ដោយ​លោក​បាន​សន្យាថា ប្រសិនបើ​គម្រោង​វិនិយោគ​នេះ​អាច​ដំណើរការ​ទៅបាន​ពិតមែន ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាជន​ក្នុង​តំបន់​នឹង​ទទួលបាន​សេវាកម្ម​កែ​សម្ផស្ស ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់ តាមរយៈ ការបណ្ដុះបណ្ដាល​ដល់​អ្ន​ក​ផ្ដល់​សេវា​កែ​សម្ផស្ស ពី​សំណាក់​អ្នកជំនាញ​កូរ៉េ និង​អ្នកជំនាញ​មកពី​បណ្ដា​ស្ថាប័ន​ដៃគូ។ ជាការ​ឆ្លើយតប ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​គម្រោង នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​យ៉ាង​ពេញទំហឹង ពិសេស​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ធានា​នូវ​ការផ្ដល់​អាជ្ញា​បណ្ណ​មួយ​ជូន​មជ្ឈមណ្ឌល ដើម្បី​ប្រតិបត្តិការ​ការងារ​ដោយ​ស្របច្បាប់។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ថា ការបើក​ដំណើរការ​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា នឹង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ ព្រមទាំង​ឆ្លើយតប​នឹង​ទីផ្សារ​សេវាកម្ម​កែ​សម្ផស្ស នាពេល​បច្ចុប្បន្ន ពីព្រោះ​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាព​រីកចម្រើន កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា ដូច្នេះ​ការស្វែងរក​សេវាកម្ម​កែ​សម្ផស្ស​ក៏​ចេះតែមាន​តម្រូវការ​ជា​លំដាប់​ផងដែរ។ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​បញ្ជាក់ថា ប្រសិនបើ​គម្រោង​វិនិយោគ​នេះ​អាច​ដំណើរការ​ទៅបាន​ពិតមែន កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​​ថ្មី​មួយទៀត រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល ប្រជាជន និង​ប្រជាជន៕