
ភ្នំពេញ ៖ ព្រឹកថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ ២០១៩ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កំពុងរង់ឥទ្ធិពលកូនព្យុះទី ៤ ធ្វើឲ្យមានពពកប្រមូលផ្ដុំ មេឃខ្មៅបង្កឲ្យមានភ្លៀងធ្លាក់រលឹមស្រិចៗ នឹងចាប់ផ្តើមពីពីល្ងាចថ្ងៃទី ២ និងមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នេះ ។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ព្យុះនោះមានឈ្មោះថា ម៉ាន់ (MUN) ប៉ុន្តែវាមិនបានបក់មកចូលកម្ពុជានោះទេ គ្រាន់តែធ្វើឲ្យតំបន់មួយចំនួនដូចជា៖
-ខេត្តជាប់តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដីទាំង លើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំៗ ។
-ខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើត ជាប់ប្រទេសវៀតណាម មានភ្លៀងបន្តធ្លាក់ច្រើន ។
បណ្ដាលខេត្តភាគខាងជើង និងពាយ័ព្យ មានភ្លៀងពីតិចទៅបង្គួរ ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់អំពីព្យុះ ម៉ាន់ (MUN)នេះថា វិសម្ពាធទាបដែលកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តទៅជាកូនព្យុះទី៤ (Tropical Storm) ឈ្មោះ ម៉ាន់ (MUN) ។ ព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធទិញទៅនៅពេលឡើងគោក នៅខាងត្បូងប្រទេសចិន នៅវេលាយប់ឆ្លងចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។ ក្នុងស្ថានភាពដូចខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអំពាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនូវបញ្ហាបាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អវិជ្ជមាន ៕