
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ ២០១៩ នេះ មានករណីផ្ទុះការតវ៉ាមួយដោយក្រុម អ្នករត់កង់បីឥណ្ឌា ដែលភ្ជាប់កម្មវិធី PassApp និង Grab ទាមទាឲ្យក្រុមហ៊ុនទាំង ២ រក្សាតម្លៃ ចាស់ ១,២០០/Km ដដែលវិញ។
ការទាមទានេះ ធ្វើឡើងដោយប្រជាពលរដ្ឋប្រកបរបររត់ឥណ្ឌាចំនួន ៤០ គ្រឿង ដោយបានប្រមូលផ្ដុំគ្នានៅចំណុចផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីធ្វើញ្ញាតិទៅក្រុមហ៊ុន PassApp នឹងក្រុមហ៊ុន Grap ក្នងគោលបំណងស្នើសុំរក្សាតម្លៃនៅ ១២០០រៀល/គីឡូ ឡើងវិញដដែល ខណៈពេលក្រុមហ៊ុន បានបញ្ចុះតម្លៃលើពួកគាត់សល់ត្រឹម ១០០០ រៀល/គីឡូប៉ុណ្ណោះ។
ការប្រមូល ក៏បានរំសាយទៅវិញផង ដែលក្រោយមានការសម្របសម្រួលពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយតម្រូវឲ្យក្រុមអ្នកប្រកបរបកង់បី ទាំងនោះរៀបចំឯកសារទៅតាមនិតិវិធីច្បាប់ និងស្នាមមេដៃយកទៅក្រុមហ៊ុន ហើយណែនាំឲ្យរៀបចំលិខិតសុំអន្តរាគមន៍ទៅស្ថាប័នពាក់ពន្ធ័ ដើម្បីជួយសម្រួលដល់ពួកគាត់។
សូមបញ្ជាក់ថា៖ ពេលចូលទីផ្សារដំបូង ទាំង PassApp និង Grab បានដាក់ចេញតម្លៃជាទូទៅ គឺ ១,២០០/Km សម្រាប់គីឡូបន្ទាប់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនក្រៅស្រុក Grab បានធ្វើទីផ្សារដោយមានការបញ្ចុះតម្លៃ ជាមួយនឹងប្រម៉ូសិនផ្សេងៗ ធ្វើឲ្យតម្លៃពេលធ្វើដំណើរមានចុះថ្លៃជាងមុន ដែលវាល្អសម្រាប់អ្នកប្រើប្រាស់។ កក្ដានេះ ធ្វើឲ្យ PassApp ដែលជាក្រុមហ៊ុនក្នុងស្រុកត្រូវធ្វើការបញ្ចុះតម្លៃតាម ដើម្បីដណ្ដើមទីផ្សារ។
ការប្រកួតប្រជែងនេះ ក៏បានធ្វើឲ្យអ្នកបើកបរ ទាំងកង់បី និងរថយន្តមិនសប្បាយចិត្ត ក្រោយចំណូលត្រូវធ្លាក់ចុះច្រើនជាងមុន ប៉ុន្តែត្រូវធ្វើការច្រើនជាងមុន។ ទាំងនេះហើយជាមូលហេតុ ដែលបណ្ដាលឲ្យមានការផ្ទុះការតវ៉ា។ បញ្ហានេះ យើងមិនទាន់ទទួលដំណឹងពីក្រុមហ៊ុនទាំង ២ នៅឡើយទេ ប៉ុន្តែបើមានដំណឹងយ៉ាង ក្រុមការងារយើងនឹងជម្រាបជូននៅពេលក្រោយ៕