
ភ្នំពេញ៖ ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌា និងអ្នករត់តាក់ស៊ី (Taxi) ប្រមាណជាង ១០០នាក់ នៅថ្ងៃទី០៣ ខែកក្កដានេះ បានប្រមូលផ្ដុំគ្នា នៅផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ ដើម្បីតវ៉ាទៅក្រុមហ៊ុន PassApp និងក្រុមហ៊ុន Grab កុំឲ្យទារយកភាគរយច្រើនហួសហេតុពីពួកគាត់ ប៉ុន្ដែក្រុមហ៊ុនអះអាងថា ទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែងតម្លៃ។
លោក ជា សាវឿន អ្នករត់ម៉ូតូកង់បីឥណ្ឌា ដែលបានប្រមូលផ្ដុំគ្នានៅផ្លូវ ៦០ម៉ែត្រ បានថ្លែងថា ការតវ៉ានេះ ដោយសារក្រុមហ៊ុនបង្កើត App រួមមាន ក្រុមហ៊ុន PassApp និងក្រុមហ៊ុន Grab យកភាគរយពីអ្នករត់ម៉ូតូកង់បីច្រើនពេក។ លោកថា ក្រុមហ៊ុនបង្កើត APP គឺបង្កើតតែ App និង System តែអ្នករត់ម៉ូតូកង់បី ដឹកអ្នកដំណើរ បានទិញម៉ូតូកង់បីឥណ្ឌាផង ចេញសាំងផង បែរជាបានលុយតិចជាងក្រុមហ៊ុន។
លោកបន្តថា គោលបំណងនៃការតវ៉ារបស់ពួកលោកនេះ ដើម្បីស្នើសុំដំឡើងតម្លៃចាប់ពី ១គីឡូម៉ែត្រ ១០០០រៀលទៅ ១គីឡូម៉ែត្រ ១២០០រៀល ដូចពីមុន ហើយបូកនិងមួយគីឡូចាប់ផ្ដើម ៣០០០រៀល និងបញ្ចុះតម្លៃជើងសារពី ១៣ភាគរយ ទៅ១៥ភាគរយ ហើយមួយទៀតសូមឲ្យក្រុមហ៊ុនបង្កើតឲ្យមានធានារ៉ាបរងអាយុជីវិត និងម៉ូតូកង់បី។
លោកបញ្ជាក់ថា៖«បើអគ្គនាយកមិនយល់ព្រមតាមសំណើរនេះ យើងខ្ញុំទាំងអស់គ្នានឹងធ្វើបាតុកម្មនៅមុខក្រុមហ៊ុន ឬក៏ធ្វើបាតុកម្មឲ្យក្រុមហ៊ុនបិទឲ្យឲ្យធ្វើការតែម្ដង។ បើគ្មានដំណោះស្រាយទៀត យើងខ្ញុំទាំងអស់គ្នា នឹងធ្វើញត្តិមួយសុំការអន្តរាគមន៍ទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
បុគ្គលិកក្រុមហ៊ុន PassApp ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ The Plus News នៅថ្ងៃទី ០៣កក្កដានេះថា ក្រុមហ៊ុនទើបតែសម្រេចបញ្ចុះតម្លៃសេវានៅដើមខែនេះ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងជាមួយនឹងបណ្តាក្រុមហ៊ុនដទៃ ព្រោះមើលឃើញថា តម្លៃសេវារបស់ខ្លួន ខ្ពស់ជាងក្រុមហ៊ុនដទៃ។ បុគ្គលិករូបនោះបន្តថា កន្លងមក ក្រុមហ៊ុនរបស់ខ្លួន កំណត់តម្លៃ ដោយគិតដំបូង ៣០០០រៀល បន្ទាប់មក គឺគិត ១២០០រៀល ប៉ុន្តែតម្លៃនេះ ត្រូវបានចុះមកគិតត្រឹម ១០០០រៀលវិញ។
នាងបញ្ជាក់ថា៖«អ្នកបើកបរកង់បីហ្នឹងគាត់តែងតែទាក់ទងមកខាងប្អូន ហើយយើងក៏បានប្រាប់ពួកគាត់ថា យើងនឹងធ្វើរបាយការណ៍មួយ ទៅខាងលើសិន ហើយខាងលើកំពុងពិភាក្សាបញ្ហាហ្នឹង ថាតើគេអាចដំឡើងវិញ ឬយ៉ាងណា?»។
បន្ទាប់ពីមានការតវ៉ានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅសម្របសម្រួល និងណែនាំឲ្យក្រុម PassApp រំសាយគ្នា ដើម្បីទៅរៀបចំធ្វើឯកសារតាមនីតិវិធីច្បាប់ និងមានផ្ដិតស្នាមមេដៃយកទៅក្រុមហ៊ុន និង ណែនាំឲ្យរៀបចំលិខិតសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសំរួលដល់ពួកគាត់។
ក្រុមអ្នករត់ម៉ូតូកង់បី PassApp ក៏បានឯកភាពតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បន្ទាប់មកក្រុមអ្នកបើក PassApp និងអ្នកបើកបរតាក់ស៊ី ក៏សំណូមពរសុំពេល ១ម៉ោង ដើម្បីធ្វើលិខិត និងផ្តិតមេដៃទាំងអស់គ្នា ដើម្បីយកទៅដាក់នៅក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ ទើបពួកគាត់ត្រឡប់ទៅវិញតាមការស្នើសុំរបស់អាជ្ញាធរ៕