
ក្រុងព្រះសីហនុ៖ ក្រោយចូលកាន់តំណែងបានត្រឹមមួយសប្ដាហ៍ បន្ទាប់ពីសម្ដេចសម្រាប់សម្រេចផ្ទេរ ឯកឧត្ដម ពីអភិបាលខេត្តកំពង់ចាម មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្ដម គួចចំរើន ធ្វើការមិនដាក់ដៃ ហើយត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ទៅលើសកម្មភាពធ្វើការរបស់ឯកឧត្ដម ក្នុងការដោះស្រាយបញ្ហាសំខាន់ៗចំពោះមុខនៅក្រុងព្រះសីហនុ។
ឯកឧត្ដម គួចចំរើន ធ្លាប់បានបញ្ជាក់ក្នុងគណនី Facebook ផ្លូវការរបស់ឯកឧត្ដមថា” មន្ត្រីរាជការត្រូវមាន សាមគ្គីភាព និងទំនួលខុសត្រូវ ក្នុងការបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចដែលបានកំណត់ដោយច្បាប់។”
ឯកឧត្ដម ក៏បានស្នើសូមឲ្យមន្ត្រីរាជការទាំងអស់គប្បីកុំធ្វើការងារតាមទម្លាប់ ត្រូវធ្វើការទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រោះថាច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា តែងតែវិវត្តន៍ពីមួយថ្ងៃ ទៅមួយថ្ងៃ ទៅតាមការរីកចម្រើននៃសង្គមជាតិយើង។
តាមរយៈកិច្ចខិតប្រឹងបំពេញភារកិច្ចនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើនសាទរ និងកោតសរសើរមិនដាច់ពីមាត់ ថាអភិបាលខេត្តល្អ តាំងពីខេត្តកំពង់ចាម រហូតដល់ពេលនេះ។
ក្នុងរយៈពេលមួយសប្ដាហ៍នេះ ឯកឧត្ដម គួចចំរើន ដោយបានដឹកនាំមន្ទីរ អង្គភាព មន្ត្រីជំនាញនានាដែលពាក់ព័ន្ធចុះស្វែងយល់ និងពិនិត្យផ្លូវសំខាន់ៗ ចុះពិនិត្យស្ថានភាព អូរប្រឡាយ និងតំបន់មួយចំនួនដែលរងផលប៉ះពាល់ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ និងបានឲ្យអាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធសិក្សាបច្ចេកទេសត្រឹមត្រូវ ដើម្បីស្តារអូរប្រឡាយ បញ្ជៀសការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។
ក្រៅពីនេះ ឯកឧត្ដម ក៏បានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ ដើម្បីកែលម្អ តំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណភាព ស្រស់ស្អាត ដូចជាក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែ រៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានឲ្យស្រស់បំព្រងផងដែរ។
យ៉ាងណាមិញ ទាំងនេះ គ្រាន់តែជាផ្នែកតូចមួយដែលយើងបានមើលឃើញប៉ុណ្ណោះ ដោយមានកិច្ចការជាច្រើនទៀត ដែលឯកឧត្ដម នឹងត្រូវធ្វើ ដើម្បីបម្រើដល់សេចក្ដីត្រូវរបស់ប្រជាពលរដ្ឋ៕