
រាជធានីភ្នំពេញ៖ ក្រោយពេល 4 ខែនៃការចូលយុទ្ធនាការប្រមូល និងសម្អាតសំរាម នៅប្រឡាយបឹងត្របែក ពេលនេះ អ្នកដឹកនាំយុវជនសំរាម ដែលមហាជនស្គាល់ បានប្រកាសរកជំនួយហើយ បន្ទាប់ពីរូបលោក បានសេងអាជីវកម្ម លក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព្ទ័ត្រឹម iPhone X មួយគ្រឿងបែកកាមេររ៉ា និងស្គ្រីនមុខ។
តាមរយៈសារនៅលើ Page Facebook ផ្លូវការរបស់លោកបាន រៀបរាបយ៉ាងកម្សត់ ពីជីវិតនៃការតស៊ូ ដើម្បីសម្អាតសំរាម រយៈពេល 4 ខែ រហូតដល់ ត្រូវសេងអាជីវកម្ម លក់ឡាន លក់ម៉ូតូ នៅសល់ត្រឹមទូរសព្ទ័ iPhone X មួយគ្រឿងដែលបែកអេក្រង់។
អ្នកដឹកនាំខាងលើបានរៀបរាបថា៖ *** 4 ខែមកនេះខ្ញុំរស់ដោយរបៀបណា?
ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព្ទ័ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខ ខ្ញុំបានលក់អ្វីដែលអាចលក់បាន ដើម្បីតែចង់យកឈ្នះពាក្យថា “មិនអាច” របស់លោកពូម្នាក់ (គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឲ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ) គ្រាន់តែខ្ញុំបានលឺថាជប៉ុនគម្រោង ធ្វើប្រពន្ធ័ចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។ ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។
បាទសម្រាប់ខ្ញុំគឺមានរឿង 2 ដែលសំខាន់សម្រាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់ ! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ !
បើសិនជាបងប្អូនពិតជាគាំទ្រទង្វើ និងការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង ! សូមអរគុណជនរួមជាតិទាំងអស់ !
“សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង” ប្រាប់អ្នកទាំងអស់គ្នាថា”អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ”
ជាមួយនឹងសារត្រូវការជំនួយនេះ ក្រុមការងារ The Plus News ចូលរួមលើកទឹកចិត្ត និងសំណូមពរដល់ប្រិយមិត្ត សូមចូលចូលជួយគាត់ ដើម្បីឲ្យគាត់បន្តយុទ្ធនាការបន្ត ទោះចំនួននោះតិចតួចក្ដី សូមចូលរួមជាមួយគាត់ តាមរយៈគណនី ABA ដូចមានក្នុងរូបខាងលើ ហើយជួយចែករំលែកព័ត៌មាននេះ ឲ្យដល់មហាជនទូទាំងប្រទេស ក្រែងមាននរណាអាចជួយរូបគាត់បាន។ អរគុណ!