
ភ្នំពេញ: សាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយ ដោយដាក់កំហិតកំណត់ត្រឹមថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩នេះ តម្រូវឲ្យប្រជាពលរដ្ឋឈប់រំលោភចិញ្ចើមផ្លូវ ទ្រូងផ្លូវ និងហាមមិនឲ្យសាងសង់រោងបុណ្យ រោងការ និងពិធីនានា លើផ្លូវក្នុងក្រុងភ្នំពេញ ហើយតម្រូវឲ្យប្រជាពលរដ្ឋត្រូវរកទីតាំងឯកជន វត្តអារាម ឬទីតាំងសមស្របណាមួយនួសវិញ។
តាមសេចក្ដីជូនដំណឹងរបស់សលារាជធានីភ្នំពេញ ដែល The Plus News ទទួលបាននៅថ្ងៃទី ០៨កក្កដានេះ បង្ហាញថា ក្នុងដំណាក់កាលនេះ សាលារាជធានីភ្នំពេញ ទុករយៈពេលសម្បទានត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ជូនបងប្អូន ដែលមានតម្រូវការប្រើប្រាស់ចិញ្ចើមផ្លូវ និង/ឬទ្រូងផ្លូវ អាចធ្វើរោងបុណ្យ រោងអាពាហ៍ពិពាហ៍ និងរោងកម្មវិធីផ្សេងៗបាន ក្នុងនោះ ម្ចាស់កម្មវិធីត្រូវលើកសំណើរសុំមកអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយកិច្ចសន្យា និងគម្រោងប្លង់ច្បាស់លាស់ ដើម្បីត្រួតពិនិត្យ និងសម្រេចអាស្រ័យទៅនឹងកម្រិតនៃការប្រើប្រាស់ និងភាពចាំបាច់ ប៉ុន្ដែមិនត្រូវឲ្យលើសពីរ១/២ នៃទ្រូងផ្លូវ និងត្រូវរៀបចំកម្លាំងសមស្រប ដើម្បីសម្រួលចរាចរណ៍។
សាលារាជធានីភ្នំពេញបន្តថា ដោយឡែកចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៩ តទៅ សាលារាជធានីភ្នំពេញ តម្រូវឲ្យបងប្អូនប្រជាពសរដ្ឋ ត្រូវរកទីតាំងឯកជន វត្តអារាម ព្រះវិហារ ឬទីតាំងសមស្របណាមួយ ជំនួសការប្រើប្រាស់ចិញ្ចើមផ្លូវ និង/ឬ ទ្រូងផ្លូវ ហើយការធ្វើរោងបុណ្យ រោងអាពាហ៍ពិពាហ៍ និងរោងកម្មវិធីផ្សេងៗជាកៀលក្ខណៈឯកជន នៅលើចិញ្ចើមផ្លូវ និង/ឬ ទ្រូងផ្លូវក្នុងរាជធានីភ្នំពេញ គឺមិនអនុញ្ញាតជូនឡើយ។
លោក សំ សុថា ពលរដ្ឋម្នាក់រស់នៅម្ដុំផ្សារដើមថ្កូវ បានថ្លែងថា លោកបានឃើញចំណាត់ការរបស់សាលាក្រុងភ្នំពេញជាច្រើនលើកមកហើយ ប៉ុន្ដែមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ ដោយតាមផ្លូវឃើញមានគេធ្វើរោងការ រោងបុណ្យជាហូរហែរដដែល ដែលបណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍ជាខ្លាំង។
លោកបញ្ជាក់ថា៖«ខ្ញុំឃើញអាជ្ញាធរប្រកាសច្រើនដងហើយ តែហាក់ដូចជាគ្មានអ្នកអនុវត្តតាមទេ គឺពួកគាត់តែបន្តធ្វើរោងការ រោងបុណ្យ នៅលើផ្លូវម្ដុំផ្សារដើមថ្កូវហ្នឹង ក៏នៅមានដែរ គឺបិទផ្លូវមួយចំហៀងតែម្ដង»៕