
រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៨ ខែកក្ដដា ឆ្នាំ ២០១៩ បានចេញសេចក្ដីប្រកាសស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈខេត្តមួយចំនួន ៤ កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។
តាមសេចក្ដីប្រកាសនេះ ក្រសួងបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៨ ខែកក្ដដា នេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្តចំនួន ៤ គឺខេត្តស្វាយរៀង តាកែវ រតនគិរី និងត្បូងឃ្មុំ។ ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឲ្យអាជ្ញាធរខេត្តទប់ស្កាត់ចលនាជ្រូកនៅតំបន់ផ្ទុះជំងឺ ក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើក្នុងរង្វង់កាំ ៣ (បី) គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានការបសុព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការគួរ។
សូមបញ្ជាក់ថា៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លង និងប៉ះពាល់ដល់មនុស្ស ប៉ុន្តែជំងឺនេះ បណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ រហូត ១០០ភាគរយ ដែលបង្ករការខាតបង់ធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូក៕