
រាជធានីភ្នំពេញ៖ ភ្លាមៗ ក្រោយមានការការរិះគន់របស់មហាជនទាក់នឹងរឿងមន្ត្រីនគរបាលទៅធ្វើពាក្យបណ្ដឹងដល់លើគ្រែ ជនរងគ្រោះ កញ្ញា ថៃ ស្រីនាង ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបវិញហើយកាលពីថ្ងៃព្រឹកមិញនេះ។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់មានពីមាន Page Facebook សរសេរបែបពេកជ្រាយ ដោយលើកឡើងថា៖ “លោកនគរបាលសកម្មធ្វើពាក្យបណ្តឹងដល់លើគ្រែ។ បើគ្រប់ករណីរបស់ពលរដ្ឋបានអ៊ីចឹងគឺ ប្រសើរណាស់។ តែស្តាយពេលខ្លះពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ហើយមិនទទួលទៀត។ អ៊ីចឹងបានគេថា កើតជានារីរូបស្រស់ តែងមានសំណាង។”
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពន្យល់ថា កាលដែលមន្ត្រីទៅធ្វើពាក្យបណ្ដឹងដល់ផ្ទះ កញ្ញា ថៃ ស្រីនាង ព្រោះវាជាសំណូមពរពីជនរងគ្រោះ ស្របពេលស្ថានភាពរងរបួសធ្ងន់មិនអាចមកដាក់ពាក្យបាន។
ករណីមន្ត្រីមិនទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋគឺមិនមានកើតឡើងទេ ក្រោយមានការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបានឲ្យស្នើឲ្យពលរដ្ឋ Chat ទៅហ្វេប៊ុកផេកដោយផ្ទាល់ បើមានករណីមន្ត្រីនគរបាលមិនទទួលពាក្យបណ្តឹង។ នេះបើតាមការបញ្ជាក់បន្ថែមពី Page ផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ចំពោះពលរដ្ឋដែលមានរឿងចង់ដាក់ពាក្យបណ្ដឹង អាចដាក់ពាក្យនៅកន្លែង ទីតាំងប៉ុស្តិ៍ ក្នុងខណ្ឌដែលជាកន្លែងកើតហេតុ ហើយក៏អាចមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៥៩៨ (ផ្លូវឯ.ឧ ជា សុផារ៉ា) បានផងដែរ៕