
ព្រះសីហនុ៖ ក្នុងជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា “យើងត្រូវពង្រឹង និងពង្រីកការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ប្រកបដោយគុណភាព” ។
ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្តព្រះសីហនុ គឺជាការចាំបាច់ ព្រោះថាផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឱ្យបានមាំ។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបង្ហាញប្រាប់នូវគម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួនដូចជា៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឱ្យសមស្របតាមការរីកចម្រើនលើវិស័យដឹកជញ្ជូនរបស់ប្រទេសជាតិ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម៕