
(ភ្នំពេញ)៖ ដើម្បីបង្កើនចំនួនកម្មសិក្សាការី សម្រាប់បញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន ស្របពេលចំនួននៅមានតិចតួច បើប្រៀបធៀបនឹងតម្រូវការ អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ បានសម្រេច បញ្ជូនគ្រូបង្គោល ផ្នែកថែទាំមនុស្សចាស់ជនជាតិជប៉ុន បន្ថែមមកបណ្ដុះបណ្ដាលជំនាញមួយចំនួនទៀត ដល់សិក្ខាកាមដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ។
លោក យ៉ាម៉ាដា អ្នកតំណាងអង្គការ JCIA ឲ្យដឹងថា ដំណើរការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបាននិងកំពុងបណ្ដុះបណ្ដាលជំនាញផ្នែកថែទាំមនុស្សចាស់ ដល់កម្មសិក្សាការីកម្ពុជានោះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ប៉ុន្តែចំនួនកម្មសិក្សាការីដែលបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុននោះ នៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយបានជាអង្គការ JCIA របស់លោក បានបញ្ជូនគ្រូបង្គោលមួយចំនួនមកជួយបណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសផ្ដោតលើផ្នែកសុខាភិបាល ដើម្បីបង្កើនការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។
ទាក់ទងនឹងចំណុចនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើឲ្យមានការគិតគូរលើបញ្ហាសុវត្ថិភាពរបស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការ និងកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលនេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាដែរ។

មួយវិញទៀត លោក យ៉ាម៉ាដា ក៏បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជា ឬហៅថា ភូមិខ្មែរ នៅប្រទេសជប៉ុនផងដែរ ដោយភាគីជប៉ុនចង់បង្កើតមជ្ឈមណ្ឌលនេះឱ្យបាន ៤ទីតាំង នៅតាមទីក្រុង និងខេត្តផ្សេងគ្នា ប៉ុន្តែមិនទាន់ទទួលបានច្បាប់សាងសង់ និងការគាំទ្រពីសំណាក់ក្រសួង ស្ថាប័នមួយចំនួនរបស់កម្ពុជានៅឡើយ។

បញ្ហានេះ លោក យ៉ាម៉ាដា បានបញ្ជាក់ថា លោកបានពិភាក្សាលម្អិតជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួចមកហើយ ប៉ុន្តែនៅឡើយមិនទាន់មានការជួយគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ ដោយលោក យ៉ាម៉ាដា ក៏បានស្នើសុំការគាំទ្រពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ហើយនឹងបន្តស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបន្តទៀត។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើទៅលោក យ៉ាម៉ាដា សុំឱ្យមានការស្នើសុំច្បាប់សាងសង់ទីតាំងភូមិខ្មែរនៅជប៉ុននេះឱ្យបានត្រឹមត្រូវ និងអនុវត្តនីតិវិធីនៃប្រទេសជប៉ុនឱ្យបានហ្មត់ចត់ ហើយឯកឧត្តមផ្ទាល់ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏នៅតែត្រៀមស្វាគមន៍ និងគាំទ្រជានិច្ច៕