ក្តៅៗ រកឃើញប្រភពច្បាស់ហើយ ការពិតសំរាមទាំង ៨៣កុងទឺន័រនេះ គឺនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា នៅថ្ងៃទី ១៧កក្កដានេះ បានលើកឡើងថា កាកសំណល់ប្លាស្ទិកទាំង ៨៣ កុងទឺន័រដែលជាទំនិញហាមឃាត់ត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅកំពង់ផែស្វយ័តព្រះសីហនុមានប្រភពមកពីប្រទេសសហរដ្ឋ អាមេរិក និងប្រទេសកាណាដា ដោយមានទម្ងន់ប្រមាណ ១៦០០ តោន។

លោក នេត្រ ភក្រ្តា បានថ្លែងថា កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឲ្យមានការនាំចូលសំណល់ប្លាស្ទិកដែលជាទំនិញត្រូវហាមឃាតនេះ មកកាន់ប្រទេសកម្ពុជា។ សមត្ថកិច្ចក៏បាននិងកំពុងស៊ើបអង្កេតស្វែងរកក្រុមហ៊ុនដែលលួចនាំ ចូលនូវសំណល់ប្លាស្ទិកបេះ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។

លោកបញ្ជាក់ថា៖«ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ។ លោកបន្ថែមថា ការបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិកពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះបាន បញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ ប្រកបដោយគ្រោះថ្នាក់។

ការបង្ក្រាបបានទាន់ពេលវេលានូវទំនិញហាមឃាត់សំណល់ប្លាស្ទិក នេះក៏បានបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យ ចូលមកកម្ពុជាបាន។ លោក ភក្រ្តា សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំ ចូលមកនោះតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងទឺន័រ ទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យ លើទំនិញដែលមាននៅក្នុងទូរកុងទឺន័រនោះ៕